ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទោះបីមានភាពមិនប្រក្រតីខ្លះ ACU វាយតម្លៃថា ការប្រឡងបាក់ឌុប មានលក្ខណៈរលូនជាងឆ្នាំមុនៗ

89


ភ្នំពេញ៖ បើតាមអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ ទោះបីមានភាពមិនប្រក្រតីខ្លះ អង្គភាពវាយតម្លៃថាដំណើរការប្រឡង មានលក្ខណៈរលូនជាងឆ្នាំមុនៗ។ នេះបើតាមសេចក្ដីជូនដំណឹងស្ដីពី កិច្ចប្រជុំលើកទី៣៨ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨។

ក្នុងកិច្ចប្រជុំនេះ លោកឃាង សេង និងលោកនួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ តំណាងលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានរាយការណ៍អំពីសកម្មភាពការងាររបស់អង្គភាព ក្នុងអំឡុងខែសីហា ឆ្នាំ២០១៨ ដែលមានជាអាទិ៍៖ ១) បានទទួលការប្រកាសទ្រព្យសម្បត្តិ និងបំណុលសរុបចំនួន ៤១៩នាក់ ដែលក្នុងនោះ ប្រកាសតាមរបប២ឆ្នាំចំនួនម្នាក់ ទើបទទួលបានការតែងតាំងថ្មីមានចំនួន៤៨៦នាក់ បញ្ឈប់ពីមុខតំណែងចំនួន២នាក់ និងចូលនិវត្តន៍ចំនួន២នាក់។ ២) បានទទួលពាក្យប្តឹងចំនួន២៨ពាក្យ (អនាមិក១៤ពាក្យ ស្នើនឹង៥០ភាគរយ)។ អង្គភាពបានឲ្យសាមីខ្លួនរងការចោទប្រកាន់ ធ្វើការបំភ្លឺចំនួន១១លិខិត បានស្រាវជ្រាវប្រមូលភស្តុតាងចំនួន១៣បណ្តឹង និងបានឆ្លើយតបទៅម្ចាស់បណ្តឹងចំនួន ៣ម្ចាស់បណ្តឹង ក្រោយពិចារណាថាពាក្យប្តឹងរបស់គាត់ មិនពាក់ព័ន្ធដល់សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយទេ។ ៣) បានបើកបន្ទប់ស្តាប់ចម្លើយចំនួន២០លើក។ ៤)បានចូលរួមសង្កេតការណ៍ដេញថ្លៃ ពិគ្រោះថ្លៃ និងវាយតម្លៃគម្រោងចំនួន៣១លើក ដែលមានសរុបចំនួន៥៣គម្រោង។

លោកឃាង សេង បានបន្ថែមថា អង្គភាពបានចូលរួមសង្កេតការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ។ ទោះបីជាការប្រឡងឆ្នាំនេះ មានភាពមិនប្រក្រតីខ្លះយ៉ាងណាក៏ដោយ ក៏អង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការវាយតម្លៃថាដំណើរការប្រឡងអស់រយៈពេល២ថ្ងៃ កន្លងមកនេះ មានលក្ខណៈរលូនជាងឆ្នាំមុនៗ ដោយមានការសហការគ្នា បានល្អប្រសើរ រវាងភាគីពាក់ព័ន្ធ ក៏ដូចជាការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។

ក្នុងកិច្ចប្រជុំនោះ លោកតុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ មានការកោតសរសើរ ចំពោះការចូលរួមសង្កេតការណ៍របស់អង្គភាព លើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បន្តការលើកទឹកចិត្តអង្គភាពចំពោះវិធានការប្រយុទ្ធប្រឆាំងអំពើពុករលួយ បង្ការ ទប់ស្កាត់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង