ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន អញ្ជើញជាអធិបតីភាព ដើម្បីអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១

78

ព្រះសីហនុ៖ នារសៀលថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតី ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ “ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន” (Touris for Indusive Growth) ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងប្រតិបត្តិករទេសចរក្នុងខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសារលិខិតរបស់ឯកឧត្តម Antonio Guterrres អគ្គលេខាធិការអង្គការ សហប្រជាជាតិ ក្នុងទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ “ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន” (Touris for Indusive Growth)។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និងជាតារារះនាទិសនិរតី ក្នុងចំណោមខេត្ត៤ ជាប់សមុទ្រ។ ខេត្តព្រះសីហនុមានសក្តានុពលឆ្នេរសមុទ្រសស្អាត មានកោះរក្សាបាននូវព្រៃធម្មជាតិទេសចរណ៍បៃតង។ ខេត្តព្រះសីហនុមានផ្លូវទឹកក្នុងការដឹកជញ្ជូនទំនិញ និងទេសចរក្នុងក្របខ័ណ្ឌនៃព្រះរាជាណាចក្រកម្ពុជា យើងមានកំពង់ផែអន្តរជាតិទឹកជ្រៅក្រុងព្រះសីហនុ ក្នុងការនាំទំនិញចេញចូលប្រមាណ ៧០ភាគរយ នៃកំពង់ផែក្នុងប្រទេស។ ទោះបីការដឹកជញ្ជូនតាមផ្លូវទឹករងផលប៉ះពាល់ដោយកូវីដ-១៩ យ៉ាងណាក៏ដោយ ការដឹកជញ្ជូននៅកំពង់ផែរបស់យើងមិនមានការថយចុះទេ ក្នុងមួយថ្ងៃមានកុងតឺន័រចេញចូលប្រមាណ ១.៥០០កុងតឺន័រ ហើយនឹងអាចកើនឡើងបន្ថែមទៀតនៅឆ្នាំខាងមុខ។ រដ្ឋាភិបាលបន្តអភិវឌ្ឍកំពង់ផែជាជំហ៊ានៗអាចឱ្យនាវាមានជម្រៅទឹក ១៤.៥០ម៉ែត្រ ចូលចតបាននៅឆ្នាំ២០២៥ ដែលអាចធ្វើឱ្យតម្លៃដឹកជញ្ជូនមានការថយចុះ និងបន្តកសាងកំពង់ផែទឹកជ្រៅឱ្យវានាមានជម្រៅទឹក ១៨ម៉ែត្រ ចូលចតនៅឆ្នាំ២០២៨ ដែលមាននាវាប្រមាណ ៩០ភាគរយ នៅលើពិភពលោកចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ធ្វើឱ្យតម្លៃដឹកជញ្ជូនកាន់តែចុះថោក ដើម្បីប្រកួតប្រជែងជាមួយកំពង់ផែក្នុងតំបន់។ ខេត្តព្រះសីហនុមានអាកាសយានដ្ឋានអន្តរជាតិ មានផ្លូវរត់ប្រវែង ៣.២០០ម៉ែត្រ បានពង្រីកសមត្ថភាពដឹកជញ្ជូន អាចឱ្យយន្តហោះប៊ូអ៉ីងធុនធំអាចចុះចតបាន។ ការសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ គ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២២ខាងមុខ ដែលជាសក្តានុពលគាំទ្រដល់វិស័យទេសចរណ៍ខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលបានបន្តថា រាជរដ្ឋាភិបាលបានដកកញ្ចប់ថវិកាជាតិ ១០០លានដុល្លា សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងព្រះសីហនុ និងគោលនយោបាយស្លឹកត្នោតខ្ចប់ស្ករត្នោត សាងសង់ផ្លូវ ៣៤ខ្សែ ដោយបំពាក់ភ្លើងបំភ្លឺផ្លូវ ភ្លើងស្តុបចរាចរ កាំមេរ៉ាសុវត្ថិភាព បន្ទប់ទឹកសាធារណៈ និងការដាំដើមឈើឱ្យមានបរិស្ថានបៃតងជាដើម។ ទន្ទឹមនោះរដ្ឋបាលខេត្តបានអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់សោភណ្ឌភាពគាំទ្រដល់វិស័យទេសចរណ៍ ដូចនេះវិស័យឯកជនចូលរួមសហការ ដើម្បីទីក្រុងរបស់យើងស្អាតបៃតង ក្នុងការទាក់ទាញទេសចរណ៍នៅពេលខាងមុខ។ ក្នុងបរិបទកូវីដ-១៩ សម្តេចតេជោបានជួយសាងសង់មន្ទីរពិសោធន៍កូវីដ-១៩ នៅខេត្តព្រះសីហនុ ការបំពាក់ម៉ាស៊ីនផលិតអុកស៊ីសែន និងបន្តសាងសង់អគារតេជោព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល មានទំហំ ៣៣ម៉ែត្រx៩០ម៉ែត្រ នឹងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១។

ដូច្នេះវិស័យឯកជនត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីបើកវិស័យទេសចរណ៍ខេត្តរបស់យើងឡើងវិញ និងបើកដំណើរការសេដ្ឋកិច្ចសង្គមនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង