ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្ដាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ត្រូវបង្កើនការប្រុងប្រយ័ត្ន និងរៀបចំប្រព័ន្ធសុវត្ថិភាព

163


ភ្នំពេញ៖ លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ​បានថ្លែងថា តួនាទីសន្ដិសុខឯកជន មានសារសំខាន់ណាស់ ក្នុងការបង្ការ ទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ រួមទាំងបទល្មើសគ្រឿងញៀន និងការពារសុវត្ថិភាព ដែលខ្លួនកំពុងឈរជើង ប៉ុន្ដែត្រូវតែមានសមត្ថភាពពេញលេញ ក្នុងកិច្ចការបង្ការ ទប់ស្កាត់បទល្មើសនេះ ប៉ុន្ដែភារកិច្ច និងដែនសមត្ថកិច្ចរបស់ភ្នាក់ងារសន្ដិសុខឯកជន ត្រូវស្ថិតក្នុងក្របខ័ណ្ឌច្បាប់ជាដាច់ខាត ដោយមិនត្រូវធ្វើលើសនោះឡើយ។

ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៦ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងថា គ្រប់បណ្ដាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ឯកជនទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងរៀបចំប្រព័ន្ធសន្ដិសុខ សុវត្ថិភាពរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់​បន្ថែមទៀត។ គ្រប់បណ្ដាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ត្រូវរៀបចំប្រព័ន្ធរោទិ៍ជាដំណឹងអាសន្ន ដើម្បីរាយការណ៍ទៅ ក្រុមហ៊ុនសន្ដិសុខដែលទទួលសេវាការពារ ឬដើម្បីផ្ដល់ដំណឹងបន្ទាន់ភ្លាមៗ ទៅកាន់កម្លាំងសមត្ថកិច្ចជំនាញ ងាយស្រួលចេញអន្ដរាគមន៍ នៅពេលមានហេតុការណ៍អ្វីកើតឡើង។

បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក្រុមហ៊ុនសន្ដិសុខឯកជនណា ដែលគ្មានច្បាប់អនុញ្ញាត ពីក្រសួងមហាផ្ទៃ ហើយនៅបន្ដធ្វើសកម្មភាពជ្រើសរើស ប្រមូលផ្ដុំកម្លាំងដោយខុសច្បាប់ទៀតនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមច្បាប់ជាធរមាន។ ដោយឡែកសម្រាប់សហគ្រាសគ្រឹះស្ថាន ដែលជ្រើសរើសភ្នាក់ងារសន្ដិសុខឯកជន ដែលមិនទាន់មានច្បាប់អនុញ្ញាត ត្រូវតែរួសរាន់ក្នុងការសុំច្បាប់អនុញ្ញាតពី សាលារាជធានី-ខេត្តសាមីឲ្យបានឆាប់បំផុត ពីក្រសួងមហាផ្ទៃ៕​

អត្ថបទដែលជាប់ទាក់ទង