លោកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភម្ហូបអាហារចម្រុះនិងថវិកា ជូនដល់មន្ត្រីដែលជាសមាជិក សមាជិការ សាខាគណបក្សប្រជាជន សាលាក្រុងព្រះសីហនុ និងមន្ត្រីមូលដ្ឋាន ភូមិ សង្កាត់ ប្រជាការពារសង្កាត់
ព្រះសីហនុ – លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានឧបត្ថម្ភម្ហូបអាហារចម្រុះនិងថវិកា ជូនដល់មន្ត្រីដែលជាសមាជិក សមាជិការ សាខាគណបក្សប្រជាជនសាលាក្រុងព្រះសីហនុ និងមន្ត្រីមូលដ្ឋាន ភូមិ សង្កាត់ក្នុងសង្កាត់លេខ២ ព្រមទាំងប្រជាការពារសង្កាត់លេខ២ក្រុងព្រះសីហនុ សរុបជិត១០០នាក់ ដើម្បីលើកទឹកចិត្តចំពោះការខិតខំបំពេញភារកិច្ចក្នុងមូលដ្ឋានកន្លងមក ទាំងការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ក៍ដូចជាការរៀបចំសណ្តាប់ធ្នាប់ទូទៅជាមួយរដ្ឋបាលក្រុង។
ជំនួយនេះលោកឧកញ៉ាទៀ វិចិត្ររៀបចំផ្តល់ជូន នាព្រឹកថ្ងៃទី៤ខែតុលាឆ្នាំ២០២១ មុនពេលពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងនោះម្នាក់ៗទទួលបានម្ហូបអាហារចម្រុះរួមមានអង្ករ២៥គីឡូក្រាម ទឹកត្រីមួយយួរ ត្រីខកំប៉ុង១២កំប៉ុង ប្រេងឆាមួយដបធំ និងថវិកាចំនួន៥មុឺនរៀល។
ក្រៅពីនេះលោកឧកញ្ញា ទៀ វិចិត្របានឧបត្ថម្ភថវិកាចំនួន៥លានរៀលទៀត តាមរយៈលោកស្រីឈុន ដារី ប្រធានសាខាគណបក្សប្រជាជនកម្ពុជាប្រចាំសាលាក្រុងព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងសាខាគណបក្សសាលាក្រុង និងប្រកាសឧបត្ថម្ភសម្លៀកបំពាក់ដល់កម្លាំងប្រជាការពារទាំងអស់ក្នុងសង្កាត់លេខ២ តាមការស្នើសុំរបស់លោកស្រីចៅសង្កាត់លេខ២ក្រុងព្រះសីហនុផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះលោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ជាម ហុីម ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ចំពោះបងប្អូនទាំងអស់ និងជូនពរសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ មានសុខភាពល្អ ជោគជយ័គ្រប់ភារកិច្ច ។
លោកស្រីឈុន ដារី ក្នុងនាមសមាជិក សមាជិការ សាខាគណបក្សប្រជាជនសាលាក្រុងព្រះសីហនុ មន្ត្រីមូលដ្ឋាន ភូមិ សង្កាត់ក្នុងសង្កាត់លេខ២ និងប្រជាការពារសង្កាត់លេខ២ក្រុងព្រះសីហនុ បានគោរពថ្លែងអំណរគុណជូនលោកឧកញ៉ាទៀ វិចិត្រនិងលោកជំទាវ ដែលបានឧបត្ថម្ភជំនួយនេះ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ៕