សូមក្រេីនរំលឹកថា សូមកុំឱ្យការសប្បាយ ភ្លេចខ្លួនរបស់ បុគ្គលមួយក្រុមណានោះ ក្នុងអំឡុងពេល បុណ្យភ្ជុំបិណ្ឌ ក្លាយទៅជាការបង្កហេតុនៃការចម្លងរោគកូវីដ-១៩
ភ្នំពេញ ៖ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានថ្លែងថា ខ្ញុំសូមក្រេីនរំលឹកថា សូមកុំឱ្យការសប្បាយភ្លេចខ្លួនរបស់បុគ្គលមួយក្រុមណានោះក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ក្លាយទៅជាការបង្កហេតុនៃការចម្លងរោគកូវីដ-១៩ រាតត្បាតធំធេង ដល់គ្រួសារ និងអ្នកដទៃ នៅក្នុងសហគមន័ដែលបុគ្គលនោះរស់នៅ ក្រោយពេលបុណ្យភ្ជុំបិណ្ឌ ដែលអាចឈានទៅដល់មានការស្លាប់បាត់បង់ជីវិតនូវមនុស្សជាទីស្រឡាញ់របស់ខ្លួន៖
ក្រោយពីខ្ញុំបានឃេីញរូបភាពដេីរកំសាន្តរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមទីតាំងមួយចំនួនមក ខ្ញុំមានការបារម្ភខ្លាំងណាស់ នូវស្ថានភាពខ្វះការប្រុងប្រយ័ត្នរបស់ពួកគាត់ ដោយនាំគ្នាផ្តុំច្រេីនកុះករពេកហេីយៗ មិនមានអនុវត្តន៍វិធានការ ៣ការពារ និង ៣កុំ។ នៅកន្លែងប្រមូលផ្តុំមួយចំនួនដែលកកស្ទះមនុស្សម្នាច្រេីនហួសប្រមាណ ក្នុងពេលដែលវីរុសកូវីដ-១៩ ជាពិសេសពពួកដែលតា កំពុងតែចរាចរយ៉ាងសកម្មនៅក្នុងប្រទេស ហានិភ័យនៃការចម្លងបន្តគ្នាលឿននឹងអាចកេីតឡេីងគ្រប់ពេល និងគ្រប់ទីកន្លែង ក្នុងសភាពដែលបងប្អូនជួបជុំប្រមូលផ្តុំកកកុញ ដោយសារតែភាពមាន:ចង់ចូលទៅលេងទឹក ឫកំសាន្តបែបយុវវ័យជុំៗគ្នាច្រេីន ដោយមិនស្តាប់តាមការណែនាំរបស់អជ្ញាធរ និងសមត្ថកិច្ច។ បងប្អូនដឹងទេថា មូលហេតុនៃការផ្ទុះជំងឺដ៏ច្រេីនសន្ធឹកសន្ធាប់នៅបណ្តាប្រទេសមួយចំនួន គឺចេញមកពីកន្លែងដែលកកកុញមនុស្សច្រេីន ឫនៅកន្លែង ៣ជ (កន្លែងបិទជិត កន្លែងជុំៗគ្នាច្រេីន និងនៅជិតកៀកៗគ្នា) ដោយមិនមានអនុវត្តវិធានការការពារខ្លួននេះឯង។ តាមរូបភាពដែលខ្ញុំបានឃេីញមួយចំនួន គឺជាការជួបជុំបែបមិនមានការបារម្ភពីហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ទាល់តែសោះ។ ជាការពិតហេីយ ដែលបងប្អូនចង់លេងសប្បាយ ក៏ប៉ុន្តែ មិនត្រូវឱ្យការសប្បាយរបស់ខ្លួន ក្លាយជាការកេីតទុក្ខដោយការបាត់បង់សាច់ញាតិជាទីស្រឡាញ់របស់ខ្លួនដោយសារការឆ្លងជំងឺកូវីដ-១៩ នោះទេ។ ត្រូវចងចាំថា “ ជីវិតយេីងមានតែមួយគត់ បេីស្លាប់បាត់ទៅ តេីការសប្បាយតែមួយភ្លែត ឫមួយថ្ងៃ ជាផលចំណេញសម្រាប់បុគ្គលដែរទេ? ហេីយយេីងអាចនៅមានពេល និងទីកន្លែងច្រេីនទៀត ដេីម្បីស្វែងទៅរកការកំសាន្តសប្បាយ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ដែលយេីងអាចរៀនរស់នៅ បានយូរអង្វែង ជាមួយនឹងការវិវត្តន៍បម្លែងខ្លួននៃវីរុសកូវីដ-១៩។ ការដកស្រង់បទពិសោធន៍ និងរៀនសូត្ររស់នៅកំសាន្តសប្បាយរបស់យេីង ចាំបាច់ត្រូវធ្វេីតាមបែប “សន្សឹមៗ កុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា” ទេីបយេីងអាចឈានទៅដល់ការរក្សាបាននូវសុខសុវត្ថិភាព រក្សាបានសុខភាពបុគ្គល គ្រួសារ និងសហគមន៍ បានយូរអង្វែងផងដែរ។ ខ្ញុំសូមក្រេីនរំលឹកហេីយរំលឹកទៀតថា ទោះជាបុគ្គល និងក្រុមគ្រួសារ ដេីរកំសាន្តនៅទីណាក៏ដោយ សូមកុំភ្លេចនាំយកទៅជាមួយខ្លួននូវការអនុវត្តន៍ “៣ការពារ និង ៣កុំ” ឱ្យបានខ្ជាប់ខ្ជួន រូមគ្នាបញ្ចៀសបាននូវការចម្លងបន្តគ្នា ដែលជាមហន្តរាយសុខភាពសាធារណ: និងសេដ្ឋកិច្ចជាតិ។ ត្រូវចេះជួយដាស់តឿនគ្នា រំលឹកគ្នាទៅវិញទៅមក ក្នុងពេលដេីរកំសាន្ត នូវក្បួនការពារខាងលេីនេះ ជាចាំបាច់ ដេីម្បីសេចក្តីសុខ និងសុខភាពល្អផ្ទាល់ខ្លួន និងក្រុមគ្រួសារមានសុវត្ថិភាព ហេីយមិនត្រូវនាំវីរុសកូវីដ-១៩ មកចម្លងក្រុមគ្រួសាររបស់ខ្លួនឡេីយ ជាពិសេសជនវ័យចាស់ និងវ័យចាស់ជរា។ សូមជូនពរបងប្អូនប្រជាពលរដ្ឋ សុខភាពល្អ ចៀសផុតការចម្លងរោគកូវីដ-១៩ ចង្រៃ គ្រប់ៗគ្នា និងសូមអរគុណច្រេីន៕