ប្រទះឃើញកម្មររោងចក្រម្នាក់ដេកស្លាប់នៅបន្ទប់ជួល ក្នុងសង្កាត់កន្ទោក
ភ្នំពេញ: ប្រទះឃើញកម្មររោងចក្រម្នាក់ដេកស្លាប់នៅបន្ទប់ជួល កាលពីល្ងាច ថ្ងៃទី៣១ខែសីហាឆ្នាំ២០១៨ នៅបន្ទប់ជួលភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះទួន ណារិន (ហៅជូរ) ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ រោងចក្រ វេនយប់ មានស្រុកកំណើតនៅភូមិ ប្រមូល ឃុំដូង ស្រុកបាទី ខេត្តតាកែវ។
យោងតាមប្រពន្ធជនរងគ្រោះជាកម្មការនី រោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិ សូរជ័យ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។
ប្រពន្ធជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង ៧ ព្រឹកគាត់បានទៅធ្វើការដោយប្ដីគាត់ បានចូលសម្រាកនៅ ក្នុងបន្ទប់ជួលខាងលើនោះ ហើយនៅពេលគាត់មកពីធ្វើការវិញ នៅវេលាម៉ោងកើតហេតុខាងលើ ស្រាប់តែឃើញទ្វារ បន្ទប់ចាក់សោខាងក្នុង ហើយគាត់ក៏មានការសង្ស័យ បានអើតមើលតាមបង្អួច ស្រាប់តែឃើញប្តីរបស់ខ្លួន ដេកស្តូកនៅក្នុងបន្ទប់ ហើយគាត់ស្រែក ហៅពីខាងក្រៅដោយ មិនឃើញប្ដីងើបនោះឡើយ។ បន្ទាប់មកគាត់មានការសង្ស័យ បានហៅប្រជាពលរដ្ឋនៅជិត បន្ទប់ជួលខាងលើឱ្យជួយមក ធាក់ទ្វារបន្ទប់ដើម្បីចូលមើលប្តីរបស់គាត់។
ប្រពន្ធបានបន្តទៀតថា ខណះពេលនោះគាត់បានហៅអ្នកជិតខាងឲ្យមក ជួយធាក់ទ្វារបន្ទប់ជួលរបស់គាត់ ដើម្បីជួយមើលប្ដីរបស់គាត់នោះ ស្រាប់តែឃើញប្ដីរបស់គាត់បានដេកស្លាប់បាត់ទៅហើយ ហើយបន្ទាប់មកដោយឃើញ ជនរងគ្រោះជាប្តីពាក់កាសនឹងត្រចៀក ហើយទូរស័ព្ទមិនមានបើកនោះទេ។
ក្រោយពេលកើតហេតុក្រុមគ្រួសារខាងលើបានទាក់ទងទៅ សមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍ ហើយកម្លាំងនគរបាលប៉ុស្តិ៍កន្ទោក បានមកដល់កន្លែង កើតហេតុភ្លាមៗផងដែរ។ ក្រោយមកបានទាក់ទងទៅជំនាញចក្ខុរបស់ក្រុងដើម្បី ធ្វើ កុសលវិច័យ ករណីស្លាប់ខាងលើ ហើយជំនាញខាងលើបានអះអាងថាជនរងគ្រោះ ស្លាប់ដោយសារគាំងបេះដូង។