ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈរដ្ឋមន្រ្តី កែសម្រួលរបៀបវារៈកិច្ចប្រជុំពេញអង្គ នៅថ្ងៃស្អែក ដោយបន្ថែមនូវសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ ពាក់ព័ន្ធការកំណត់សញ្ជាតិប្រធានស្ថាប័នកំពូល

34

ភ្នំពេញ៖  គណៈរដ្ឋមន្រ្តីកម្ពុជា បានសម្រេចកែសម្រួលរបៀបវារៈ សម្រាប់កិច្ចប្រជុំពេញអង្គ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ស្អែកនេះ ដោយបន្ថែមនូវរបៀបវារៈមួយទៀតនោះ គឺសេចក្តីព្រាង ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ទាក់ទងនឹងការកំណត់សញ្ជាតិប្រធានស្ថាប័នកំពូលៗរបស់កម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលបណ្តាញព័ត៌មានទទួលបាន។

តាមសេចក្តីប្រកាសនេះ ទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់ថា យោងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ របៀបវារៈនៃកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ នៅវិមានសន្តិភាព ត្រូវបានកែសម្រួលដូចខាងក្រោម៖

១៖ សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា១៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅ ធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

២៖ សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូវាងរដ្ឋ និងឯកជន។

៣៖ សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៥។

៤៖ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជា នូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅ ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះ វិសាមញ្ញ។

ការកែសម្រួលនូវរបៀបវារៈ សម្រាប់កិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី ដោយបន្ថែមនូវសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែមនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។

សម្តេចបានលើកឡើងដូច្នេះថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»

អត្ថបទដែលជាប់ទាក់ទង