ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិស័យព្រៃឈើ បាននិងកំពុងប្រឈម ជាមួយបញ្ហាធំៗ ដូចជា កាប់ព្រៃទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់

205


ភ្នំពេញ៖ វិស័យព្រៃឈើ បាននិងកំពុងប្រឈម ជាមួយបញ្ហាធំៗជាច្រើន ដូចជា ការថយចុះទំហំផ្ទៃដីព្រៃឈើ ដែលបណ្តាលមកពីកំណើន តម្រូវការដីកសិកម្ម ស្របទៅនឹងកំណើនប្រជាជន ការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ការកាប់ព្រៃទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់ ការកំណត់ព្រំរវាងតំបន់ព្រៃឈើ និងព្រៃផ្តល់ផល នៅមិនទាន់ច្បាស់លាស់ ប្រសិទ្ធភាព នៃការអនុវត្តច្បាប់ ស្តីពីព្រៃឈើ នៅមានកម្រិត ជាដើម។

នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី “សេចក្តីព្រាងផែនការយុទ្ធសាស្រ្តគ្រប់គ្រង ព្រៃផ្តល់ផល”។

សិក្ខាសាលានេះត្រូវបានសហការរៀបចំឡើងដោយរដ្ឋបាលព្រៃឈើ ជាមួយអង្គការ UNDP និងមានការ ចូលរួមពីសំណាក់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងឲ្យអង្គការ UNDP និងដៃគូអភិវឌ្ឍជាច្រើនរូបទៀត។

ជារួមអង្គសិក្ខាសាលានេះមានគោលបំណងសំខាន់គឺ៖ ទី១ តាមដានពីវឌ្ឍនភាពនៃការរៀបចំឯកសារ ផែនការយុទ្ធសាស្រ្តគ្រប់គ្រងព្រៃផ្តល់ផលឆ្នាំ២០១៨-២០៣២ ទី២ ស្វែងរកធាតុចូលពីគ្រប់តួអង្គពាក់ព័ន្ធទាំងចំណេះដឹង បទពិសោធន៍ និងអនុសាសន៍ល្អៗរួចដាក់បញ្ចូល ទៅក្នុងសេចក្តីព្រាងនេះ ប្រយោជន៍ដើម្បីកែសម្រួល ឲ្យបានកាន់តែល្អប្រសើរថែមទៀត ទាំងជាលក្ខណៈច្បាប់ និងបច្ចេកទេសរួចដាក់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីពិនិត្យនិងអនុម័ត។

នាឱកាសនេះ លោករដ្ឋមន្រ្តីបានលើយកចំណុចសំខាន់ៗ នៃវិស័យព្រៃឈើមកបញ្ជាក់ ជូនអង្គសិក្ខាសាលាជ្រាប ដោយសង្ខេបជាបន្តបន្ទាប់ថា៖ ព្រៃឈើបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារថែរក្សាលំនឹងបរិស្ថាន ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ យល់ឃើញពីអត្ថប្រយោជន៍ នៃធនធានព្រៃឈើជាតិ ដែលមិនអាចកាត់ថ្លៃបាន រាជរដ្ឋាភិបាលបានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ បន្តធ្វើសកម្មភាពកំណែទម្រង់ស៊ីជម្រៅ លើវិស័យព្រៃឈើ តាមយៈការដាក់ចេញនូវគោលនយោបាយ និងបទបញ្ជាជាបន្តបន្ទាប់ក្នុងគោលបំណងសំខាន់គឺ៖ ទី១.ការគ្រប់គ្រងធនធានព្រៃឈើ ប្រកបដោយនិរន្តរភាព តាមរយៈការត្រួតពិនិត្យលើការធ្វើអាជីវកម្មព្រៃឈើ ការថែរក្សាព្រៃបម្រុង ទុកសម្រាប់ការប្រើប្រាស់ក្នុងស្រុក និងរក្សាបាននូវតំបន់ដីសើម ដែលជាដែនជម្រកមច្ឆជាតិ ទី២.ការពារធនធានធម្មជាតិ ជីវចម្រុះ និងប្រភេទរុក្ខជាតិ និងសត្វព្រៃដែលរកកលជិតផុតពូជ និងទី៣.អភិវឌ្ឍសហគមន៍ព្រៃឈើ ប្រកបដោយតម្លាភាព និរន្តរភាព តាមរយៈការអភិវឌ្ឍនៅនឹងកន្លែង ដោយប្រជាសហគមន៍នៅមូលដ្ឋានផ្ទាល់ សមស្របទៅតាមសក្តានុពលនៅតាមភូមិសាស្រ្តនីមួយៗ ជាពិសេសការអភិវឌ្ឍសហគមន៍ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើតការងារ បង្កើនប្រាក់ចំណូល កាត់បន្ថយការពឹងផ្អែកទាំងស្រុង លើផលនិងអនុផលព្រៃឈើ ការកាប់ទន្ទ្រានរានដីព្រៃធ្វើចំការ រួចឈានទៅធ្វើការកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។ ទោះជាយ៉ាងណា វិស័យព្រៃឈើបាននិងកំពុងប្រឈម ជាមួយបញ្ហាធំៗជាច្រើន ដូចជា ការថយចុះទំហំផ្ទៃដីព្រៃឈើ ដែលបណ្តាលមកពីកំណើនតម្រូវការដីកសិកម្ម ស្របទៅនឹងកំណើនប្រជាជន ការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ឧស្សាហកម្ម ទេសចរណ៍ កសិកម្មខ្នាតតូចនិងមធ្យម ការកាប់ព្រៃទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់ ការកំណត់ព្រំរវាងតំបន់ព្រៃឈើ និងព្រៃផ្តល់ផលនៅមិនទាន់ច្បាស់លាស់ ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ស្តីពីព្រៃឈើនៅមានកម្រិត និងគម្លាតធំរវាងការផ្គត់ផ្គង់ និងការប្រើប្រាស់ឈើ ផលិតផលឈើ និងអនុផលព្រៃឈើជាដើម។ល។ ផ្តើមចេញពីបញ្ហាទាំងអស់នេះ រាជរដ្ឋាភិបាលដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាសេនាធិការ បានដាក់ចេញនូវកម្មវិធីកែទម្រង់វិស័យព្រៃឈើ ដែលក្នុងនោះមានផែនការសកម្មភាពសំខាន់ៗជាច្រើន រួមមានការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ ការបង្កើតនិងពង្រឹងសហគមន៍ព្រៃឈើ ការអនុវត្តវិធានការយ៉ាងម៉ឺងមាត់ក្នុងការគ្រប់គ្រងនិងទប់ស្កាត់បទល្មើសព្រៃឈើ ការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងព្រៃបម្រុងទុក ការបង្កើតតំបន់ព្រៃសម្រាប់អភិរក្សធនធានពន្ធុរុក្ខជាតិ និងសត្វព្រៃ ព្រមទាំងបោះបង្គោលព្រំប្រទល់ព្រៃបម្រុងទុកអចិន្ត្រៃយ៍ ការបណ្តុះកូនឈើនៅតាមស្ថានីយផ្សព្វផ្សាយ ការដាំកូនឈើនៅតំបន់ស្ដារព្រៃឈើឡើងវិញ និងទីតាំងផ្សេងៗ ពិសេសការរៀបចំពិធី “រុក្ខទិវា” ជារៀងរាល់ឆ្នាំ ដើម្បីបំផុសចលនាមហាជនទាំងអស់ ឱ្យចូលរួមដាំដើមឈើ ថែរក្សា ការពារធនធានព្រៃឈើ និងជីវចម្រុះដែលជាមរតកដ៏មានតម្លៃសម្រាប់មនុស្សជាតិទាំងមូល។ ពិតណាស់សមិទ្ធផលដែលសម្រេចបាន គឺជាភាពជោគជ័យនៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ក្រៅពីការងារបច្ចេកទេស ក្រសួងបាននិងកំពុងខិតខំប្រឹងប្រែងរៀបចំលិខិតបទដ្ឋានគតិយុត្ត និងផែនការជាតិនានាដែលគាំទ្រដល់ការគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាពមានជាអាទិ៍៖ -ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ(២០១៤-២០១៨) -គោលដៅអភិវឌ្ឍន៍វិស័យព្រៃឈើប្រកបដោយចីរភាព (២០១៧-២០៣០) -ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម(២០១៤-២០១៨) -យុទ្ធសាស្រ្តរេដបូកជាតិ(២០១៧-២០២៦) -ការពិនិត្យឡើងវិញនូវកម្មវិធីព្រៃឈើជាតិ(២០០៩-២០២៩) រួមទាំងកម្មវិធីសកម្មភាពជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះ គុណភាពដី ឆ្នាំ២០១៨-២០២៧ ផងដែរ។ ដោយឡែក សេចក្តីព្រាងផែនការយុទ្ធសាស្រ្តគ្រប់គ្រងព្រៃផ្តល់ផល ដែលយើងកំពុងរៀបចំធ្វើនាពេលនេះ គឺក្នុងគោលបំណងបង្កើន និងពង្រឹងសមត្ថភាពគ្រប់គ្រងព្រៃផ្តល់ផល ឲ្យមាននិរន្តរភាពនាពេលអនាគត ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ បង្កើនកម្រិតជីវភាពរបស់ប្រជាសហគមន៍ រក្សាកំណើនសេដ្ឋកិច្ច និងអេកូឡូស៊ីរបស់ព្រៃផ្តល់ផល ពង្រីកជំនួញផលិតផលព្រៃឈើ ដោយឈរលើគោលការណ៍ច្បាប់ ទាំងថ្នាក់ជាតិនិងអន្តរជាតិ ពង្រឹងអភិបាលកិច្ចព្រៃឈើ អភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស ជំរុញឲ្យមានការចូលរួមពីសហគមន៍ គាំទ្រការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព ពង្រឹងកិច្ចសហការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ។

ឆ្លៀតយកឱកាសដ៏មានតម្លៃនេះលោករដ្ឋមន្រ្តីបានផ្តាំផ្ញើឲ្យសមាជិក សមាជិកានៃអង្គសិក្ខាសាលាទាំងមូលយកអស់ប្រាជ្ញាស្មារតី ចំណេះដឹងនិងបទពិសោធន៍ល្អៗ ដើម្បីធ្វើការពិនិត្យឲ្យបានល្អិតល្អន់ និងស៊ីជម្រៅលើធាតុចូលសំខាន់ៗ ដែលបានលើកឡើងក្នុងសេចក្តីព្រាង លើកទី៥ ស្តីពីផែនការយុទ្ធសាស្រ្តគ្រប់គ្រងព្រៃផ្តល់ផលនេះ និងជាពិសេសចំណុចសំខាន់ៗ ដែលត្រូវពិនិត្យពិចារណា និងផ្តល់យោបល់ឲ្យបានទូលំទូលាយស៊ីជម្រៅជាងគេនោះគឺ៖ ទី១-ភាពស្របគ្នាទៅនឹង គោលនយោបាយព្រៃឈើជាតិនិងបទប្បញ្ញត្តិនានារបស់រាជរដ្ឋាភិបាលកម្ពុជា ទី២-ការលើកឡើងនូវគោលដៅយុទ្ធសាស្រ្ត និងសកម្មភាពរួមទាំងគម្រោងហិរញ្ញប្បទាន ក្នុងការដោះស្រាយឧបសគ្គ ដែលកើតឡើងក្នុងការគ្រប់គ្រងព្រៃផ្តល់ផល ទី៣-សមត្ថភាពនិងធនធានរបស់ស្ថាប័ន ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្ត ឲ្យបានសមស្របតាមនីតិវិធី និងទី៤-បញ្ហាប្រឈមនានា ដែលអាចជាឧបសគ្គ ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តនេះ៕


អត្ថបទដែលជាប់ទាក់ទង