វេទិកាអាស៊ី-អឺរ៉ុប ស្ដីពីស្រ្ដី សន្តិភាព និងសន្តិសុខ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជាអធិបតី និងថ្លែងសុន្ទរកថាបើក ក្នុងវេទិកាអាស៊ី-អឺរ៉ុប ស្ដីពីស្រ្ដី សន្តិភាព និងសន្តិសុខ និងលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងតំណាងប្រទេស៥៣ (៣០ប្រទេសមកពីទ្វីបអឺរ៉ុប ២១ប្រទេស មកពីទ្វីបអាស៊ី សហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន) ដែលត្រូវបានទទួលស្គាល់ថាជាកិច្ចសន្ទនាអន្តរជាតិកម្រិតខ្ពស់រវាងប្រមុខដឹកនាំឈរលើស្មារតីភាពជាដៃគូ និងស្មើភាពគ្នា នៅរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធវីដេអូ Conference។
វេទិកានេះមានគោលបំណងចម្បងសំខាន់ៗចំនួន៣៖ ១. សម្របសម្រួលដល់កិច្ចសន្ទនា និងចែករំលែកបទពិសោធន៍និងឧត្តមានុវត្តន៍រវាងបណ្តាប្រទេសនៅអាសុី និងអឺរ៉ុបក្នុងការអនុវត្តរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ។ ២. បង្ហាញនូវវឌ្ឍនភាពរបស់ប្រទេសកម្ពុជាស្តីពីដំណើរនៃការវិវត្តរបស់ស្ត្រីសន្តិភាព និងសន្តិសុខប្រវត្តិនៃការចូលរួមរបស់ស្រ្តីក្នុងវិស័យដោះមីន និងការរក្សាសន្តិភាព ក៏ដូចជាយុទ្ធសាស្ត្រ និងការអភិវឌ្ឍន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងផលប៉ះពាល់នៃជំងឺ Covid-19 លើស្ត្រី។ ៣. ស្វែងរកមតិគាំទ្រក្នុងការបង្កើតឱ្យមានព្រឹត្តការណ៍អមផ្សេងៗពាក់ព័ន្ធនឹងស្រ្តីនៅក្នុងរៀងរាល់ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នាពេលអនាគត។
ហេតុដែលក្រសួងកិច្ចកានារីត្រូវរៀបចំឲ្យមានវេទិកានេះឡើងព្រោះថា នៅថ្ងៃទី២៥-២៦ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (13thASEM) ដែលកិច្ចប្រជុំនេះនឹងផ្តល់កាលានុវត្តភាពមួយដ៏សំខាន់សម្រាប់ ការលើកកម្ពស់វឌ្ឍនភាពនៃរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ។
ស្របទៅនឹងមូលបទខាងលើ កម្ពុជាក៏នឹងរៀបចំឱ្យមានព្រឹត្តិការណ៍អម និងវេទិកាអន្តរជាតិសំខាន់ៗផ្តោតលើ យុវជន វប្បធម៌ ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប វេទិកានិពន្ធនាយកសារព័ត៌មាន និង ធុរៈកិច្ចជាដើម។ បើពិនិត្យមើលលើប្រវត្តិនៃការរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុបមកដល់បច្ចុប្បន្ននេះការយកចិត្តទុកដាក់លើរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ គឺនៅមានកម្រិតនៅទ្បើយ។ តាមរយៈប្រធានបទសម្រាប់ព្រឹត្តិការណ៍ក្នុងឆ្នាំនេះ ក៏ដូចជាការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងការលើកកម្ពស់ស្ត្រី និងភ្ជាប់ជាមួយប្រធានបទសន្តិភាព និងសន្តិសុខ ក្រសួងកិច្ចការនារីបានស្នើរៀបចំនូវវេទិកាអាស៊ី-អឺរ៉ុប ស្តីពី“ស្ត្រី សន្តិភាព និងសន្តិសុខ”។
ប្រទេសជាច្រើននៅលើពិភពលោក ជាពិសេសនៅក្នុងទ្វីបអាស៊ី និងអឺរ៉ុបនៅតែបន្តស្វែងរកវិធីសាស្រ្ត ដើម្បីកាត់បន្ថយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅក្នុងគ្រួសារ ជាពិសេនៅក្នុងអំឡុងពេល នៃការឆ្លងរាលដាលនៃជំងឺCovid-19 ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ចំណូលរបស់ស្ត្រី ហើយស្ត្រីត្រូវស្វែងរកមធ្យោបាយផ្សេងៗទៀតក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ។ អំពើហិង្សាក្នុងគ្រួសារនៅតែជាបញ្ហា ចម្បងមួយក្នុងបរិបទស្ត្រី សន្តិភាព និងសន្តិសុខ។
វេទិកានេះ គឺជាព្រឹត្តិការណ៍អមមួយ ក្នុងចំណោមព្រឹត្តិការណ៍អមដទៃទៀត ក្រោមក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលនឹងត្រូវរៀបចំដោយកម្ពុជានៅខែក្រោយ តាមប្រព័ន្ធវីដេអូ។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី បានថ្លែងថា តើពិភពលោករបស់យើងនឹងទៅជាយ៉ាងណាបើគ្មានស្ត្រី? តើតួនាទីរបស់ស្រ្តីសំខាន់ប៉ុណ្ណាក្នុងការនាំមកនូវសន្តិភាព និងសន្តិសុខ?
ឯកឧត្តម បន្តថា កម្ពុជាពិតមានមោទនភាពក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាអាស៊ី-អឺរ៉ុបស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ ដែលជាព្រឹត្តិការណ៍អមមួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។ យើងក៏មានមោទនភាពផងដែរដែលបានជាប់ចំណាត់ថ្នាក់លេខ១៣ ក្នុងចំណោម១២២ប្រទេស ក្នុងការចូលរួមចំណែកបញ្ជូនកងទ័ពមួកខៀវនារីទៅតាមបណ្តាប្រទេសលើពិភពលោក ខណៈដែលចំនួនស្ត្រីនៃអ្នកដោះមីន និងកម្លាំងពលកម្មកាន់តែកើនឡើង។ នេះមិនមែនជាការចៃដន្យនោះទេ ប៉ុន្តែជាចក្ខុវិស័យគោលរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់អំណាចដល់ស្ត្រី និងតួនាទីរបស់ពួកគាត់នៅក្នុងសង្គម៕