ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ ញ៉ែម មរកត បន្តតំណែងជាប្រមុខសហព័ន្ធកីឡារាំកម្ពុជា អាណត្តិថ្មីទី៤ ឆ្នាំ២០២១-២០២៥

76

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)សហព័ន្ធកីឡារាំកម្ពុជា
បានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៣និងឆ្នាំ២០១៧ដល់ឆ្នាំ២០២១ និងជ្រើសរើសសមាជិកប្រតិបត្តិអាណត្តថ្មីពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥ ។

លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារំាកម្ពុជាអាណត្តិ ចាស់បានទទួលការគាំទ្រជាប្រធានសហព័ន្ធអាណត្តិថ្មីបន្តទៀត
ដែលអមដោយអនុប្រធានចំនួន៣រូបគឺឯកឧត្តម វ៉ាត់ ចំរើន លោកជំទាវ ម៉ក់ វណ្ណស៊ីថា និងឯកឧត្តមឧកញ៉ា ប៉ិច បូឡែន។ ចំពោះលោកស្រី ហង់ ស៊ីមន ជាអគ្គលេខាធិការ លោកស្រី ស្រី ស៊ីវឡេង អគ្គលេខាធិការង និងលោកស្រី សោ ម៉ាល័យ ជាអគ្គហិរញ្ញឹក និងសមាជិក ៦រូបទៀត។

ជាមួយនឹងការបានទទួលការគាំទ្រជាធានសហព័ន្ធកីឡារាំកម្ពុជាអាណត្តិថ្មី លោកជំទាវ ញ៉ែម មរកត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍធនធានកីឡាករកីឡាការិនីរហូតដល់ចូលរួមប្រកួតប្រជែងមេដាយបានជាបន្តបន្ទាប់លើឆាកអន្តរជាតិ។ «ខ្ញុំពិតជាមានមោទនភាពណាស់ ដែលយើងទាំងអស់គ្នាបានប្រឹងប្រែងអភិវឌ្ឍវិស័យកីឡារាំ ឲ្យទទួលបានការគាំទ្រ នាពេលនេះ។ យើងមិនមានធនធានច្រើនទេ ហើយក៏មិនមានប្រាក់ខែដែរ ប៉ុន្តែយើងទាំងអស់ស្ម័គ្រចិត្តធ្វើការដោយឆន្ទៈខ្ពស់ និងអស់ពីបេះដូង ហើយព្រមទាំងចំណាយធនធានផ្ទាល់ខ្លួន ដើម្បីជួយជ្រោមជ្រែងដល់ដំណើរការអភិវឌ្ឍបន្ថែមទៀត»។

ជាមួយគ្នានោះ លោកជំទាវក៏សម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធាន NOCC ក៏ដូចជាថ្នាក់ដឹកនាំ CAMSOC ដែលផ្តល់ការគាំទ្រជានិច្ចចំពោះសហព័ន្ធរាំកម្ពុជា បន្តដំណើរការឆ្ពោះទៅចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ ជាពិសេសគឺគោលដៅដ៏ធំនៃការរៀបចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាជាប្រវត្តិសាស្ត្រជាលើកដំបូងផងដែរ ។

លោកស្រី ហង់ ស៊ីមន បានគូសបញ្ជាក់ថា ក្រោមការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាមពិកកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣(CAMSOC)សហព័ន្ធកំពុងខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដើម្បីគោលដៅពង្រឹង ពង្រីក និងអភិវឌ្ឍវិស័យកីឡារាំកម្ពុជា ឲ្យកាន់តែផុសផុល និងរឹងមាំ ក្នុងគុណភាពបច្ចេកទេស ឈានឆ្ពោះទៅរកមេដាយមាសជូនជាតិ ក្នុងឱកាសដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងស៊ីហ្គេម នាពេលខាងមុខជាបន្តបន្ទាប់ទៀត។ ចាប់តាំងពីការបង្កើតសហព័ន្ធកីឡារាំកម្ពុជា កាលពីឆ្នាំ២០០៩ ក្រៅពីទទួលបានការគាំទ្រនៅក្នុងស្រុក សហព័ន្ធក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិពីសហព័ន្ធកីឡារាំពិភពលោក(WDSF)និងសហព័ន្ធរាំអាស៊ីផងដែរ។ជាមួយនិងការខិតខំជាបន្ត
បន្ទាប់នោះ សហព័ន្ធជំនាញមួយនេះ បានជំរុញឲ្យមានការបង្កើតក្លឹបបានចំនួន៥ នាពេលបច្ចុប្បន្ន ដោយមានកីឡាករ កីឡាការិនីប្រមាណ ៥០នាក់ ខណៈសហព័ន្ធមានចៅក្រមថ្នាក់ជាតិ៤នាក់ និងអន្តរជាតិម្នាក់ ៕

អត្ថបទដែលជាប់ទាក់ទង