ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចការបន្តផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ និងអាជីវកម្មមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំលក្ខណៈឯកជន រយៈពេល១៤ថ្ងៃថែមទៀត

205

 

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានសម្រេចការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬ ការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៥-២៨ ខែតុលា ឆ្នាំ២០២១។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មានទទួលបាន។

យោងតាមប្រការ២ នៃសេចក្តីសម្រេចនេះ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារមុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចជា រោងភាពយន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ។

ជាមួយគ្នានេះ ក្នុងប្រការ៣ បានចែងថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នការជួបជុំ ឬ ការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី ៥០នាក់ លើកលែងតែក្នុងករណី ដូចខាងក្រោម៖

* ការជួបជុំក្នុងចំណោមសមាជិកគ្រួសារ និងសាច់ញាតិ ក្នុងពិធីបុណ្យសាសនា ឬពិធីប្រពៃណីផ្សេងៗ
* ការរៀបចំពិធីបុណ្យសពដោយគោរព តាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច និងក្រោយពេលយកសំណាកសាកសព ទៅវិភាគរកមេរោគកូវីដ-១៩ ដោយទទួលបានលទ្ធផលអវិជ្ជមាន
* ការជួបជុំរបស់ស្ថាប័នសាធារណៈ ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការសុខាភិបាលជាអាទិ៍ ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
* ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត
* ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
* ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធី របស់មន្ត្រីនគរបាលយុត្តិធម៌ ឬរបស់សាលាជម្រះក្តី
* ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

ទន្ទឹមនឹងនេះ ក្នុងប្រការ៤ បានបញ្ជាក់ថា សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលមិនត្រូវបានហាមឃាត់ដូចក្នុងប្រការ២ និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលត្រូវបានលើកលែងដូចក្នុងប្រការ៣ នៃសេចក្តីសម្រេចនេ៖

ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស់ កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង