ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៩ខែឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសម្រាប់ថវិកាជាតិបាន ២,១១១លានដុល្លារ ស្មើ៩៤.១២% នៃច្បាប់ថវិកា

58

ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិបាន ២,១១១លានដុល្លារអាមេរិក ដែលស្មើនឹង ៩៤.១២នៃច្បាប់ថវិកាជាតិ ឆ្នាំ២០២១។

លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែកញ្ញា ឆ្នាំ២០២១ និងត្រីមាសទី៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ។

លោករដ្ឋមន្ត្រីប្រតិភូបានបង្ហាញថា រយៈពេល៩ខែ ឆ្នាំ២០២១ ចំណូលពន្ធ អាករដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញរបស់ អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៨,៥៤៩.៩០ប៊ីលានរៀល (ប្រមាណជា ២,១១១.០៩លានដុល្លារ) ស្មើនឹង ៩៤.១២% នៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២០ ឃើញថាថយចុះចំនួន ៥៥០.២២ ប៊ីលានរៀល (ប្រមាណជា១៣៥.៨៦លានដុល្លារ) ស្មើនឹង-៦.០៥%។

សម្រាប់ឆ្នាំ២០២១ នេះ ដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្តការគ្រប់គ្រងប្រមូលចំណូលពន្ធបាន គ្រប់តាមផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងចំនួន ៩ ០៨៤.៤២ ប៊ីលានរៀល (ប្រមាណ ២,២៤៣.០៧ លានដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តពង្រឹងការអនុវត្តនូវវិធានការគោលនយោបាយ និងរដ្ឋបាលសារពើពន្ធ ដែលរួមមានវិធានការសំខាន់ៗដូចខាងក្រោម៖

* បាននិងកំពុងបន្តពង្រឹងការអនុវត្តកាតព្វកិច្ចដំឡើងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុលរបស់សហគ្រាសផលិតក្នុងស្រុក អនុលោមតាមប្រកាសលេខ ០១០ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្នុងគោលបំណងពង្រឹងការ គ្រប់គ្រងប្រមូលពន្ធនិងអាករគ្រប់ប្រភេទ ជាពិសេស ចំណូលអាករពិសេសលើស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ដែលគ្រោងនឹងចាប់ផ្តើមអនុវត្ត ប្រើប្រាស់ឧបករណ៍វាស់ចំណុះនេះ ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ

* អនុវត្តឲ្យមានប្រសិទ្ធភាព នូវការគ្រប់គ្រងប្រមូលចំណូលពន្ធចំពោះសកម្មភាព នៃការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ស្របតាមខ្លឹមសារប្រកាសលេខ ៥៤២សហវ.ប្រក ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ស្តីពីវិធាននិងនីតិវិធីនៃការអនុវត្តអាករ លើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងខ្លឹមសារអនុក្រឹត្យលេខ ៦៥ អនក្រ.បក ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

* អនុវត្តការគ្រប់គ្រងការប្រមូលចំណូលពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២១ ដែលត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១

* បន្តពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលបានដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ជាពិសេស ជំរុញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ToI E-Filing និងការគ្រប់គ្រងដាក់លិខិតប្រកាសតាមប្រព័ន្ធអនឡាញ E-Filing, ប្រព័ន្ធទូទាត់ប្រាក់ពន្ធតាមអនឡាញ E-Payment, និងប្រព័ន្ធទទួលលិខិតប្រកាសពន្ធ ពាក្យស្នើសុំ លិខិតរដ្ឋបាល និង/ឬឯកសារនានា តាមរយៈប្រព័ន្ធបញ្ជូនឯកសារអេឡិចត្រូនិក (E-Document Submission System) តាមរយៈអាសយដ្ឋាន https://file-revenue.tax.gov.kh/eUploader/

* ផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់សេវាពន្ធដារតាមប្រព័ន្ធអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ

* ពង្រឹងការអនុវត្តការកត់ត្រាបំណុលពន្ធ ការប្រមូលបំណុលពន្ធ និងវិធានការតឹងទារបំណុលពន្ធ ជាពិសេសបំណុលពន្ធធំៗ ដែលមានសក្តានុពលដោយកំណត់ ជាបំណុលអាទិភាព និងសហគ្រាសស្ថិតក្នុងវិស័យដែលមិនបានរងផលប៉ះពាល់ដោយសារការរីករាតត្បាតនៃជំងឺកូវីដ ១៩

* ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងយកចិត្តទុកដាក់អនុវត្ត វិធានការ ៣ កុំ និង ៣ ការពារ និងការអនុវត្តវិធានការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដើម្បីធានាបាននូវនិរន្តរភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងការផ្តល់សេវាជូនអ្នកជាប់ពន្ធ ព្រមទាំងប្រកាន់ខ្ជាប់និងចូលរួមអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍

* បន្តពង្រឹងការគ្រប់គ្រងសហគ្រាសស្នើសុំផ្អាកបណ្តោះអាសន្ន ឬស្នើសុំបើកដំណើរការឡើងវិញ ដោយមានវិធានការចុះពិនិត្យដល់ទីតាំងសហគ្រាសផ្ទាល់ តាមដានការដាក់លិខិតប្រកាស និងពង្រឹងការធ្វើសវនកម្មលើលិខិតស្នាម

* បន្តនិងខិតខំពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធ ដែលជាកត្តាសំខាន់ធ្វើឲ្យប្រសើរឡើងនូវវប្បធម៌ពន្ធដារ ក្នុងនោះមានការជំរុញការប្រើប្រាស់កម្មវិធីត្រួតពិនិត្យ និងតាមដានឯកសារ (Document Check and Track), ការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ និងផ្សាយផ្ទាល់តាម GDT Facebook, រៀបចំកម្មវិធី ពន្ធដារកម្ពុជា ដោយផ្សព្វផ្សាយនិងជួបជជែកជាមួយអ្នកជាប់ពន្ធផ្ទាល់ (GDT Facebook Live), សេវាឆ្លើយតបតាមប្រព័ន្ធទូរស័ព្ទ Call Center 1277, កម្មវិធី GDT Live Chat ជាដើម

* បន្តការងារកែទម្រង់ធនធានមនុស្ស ដោយជំរុញនិងខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធនិងការគ្រប់គ្រងប្រមូលចំណូលពន្ធ

* បន្តអនុវត្តវិធានការចាំបាច់នានា ដូចមានកំណត់ក្នុង សារាចរណែនាំស្តីពីការអនុវត្តច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងបន្តអនុវត្តប្រកបដោយការយកចិត្តទុកដាក់ នូវយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣។

លោករដ្ឋមន្ត្រីប្រតិភូ បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់ នៅតាមអង្គភាពក្រោមឱវាទ អគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ហើយនេះគឺជាជោគជ័យ និងជាសមិទ្ធផលរួមរបស់អគ្គនាយកដ្ឋានពន្ធដារទាំងមូល ទោះបីស្ថិក្នុងដំណាក់កាលនៃការអូសបន្លាយនៃការរាតត្បាតនៃជំងឺកូវីដ៕

អត្ថបទដែលជាប់ទាក់ទង