ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីក្រុងស៊ីដនី នឹងបិទបញ្ចប់ការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកពីបរទេស

76

ស៉ីដនី៖ ប្រមុខរដ្ឋាភិបាលនៃរដ្ឋញូ សោតវែលស៍ (New South Wales ឬ NSW) លោក ដូមីនិច ភែរ៉ូតថេត (Dominic Perrottet) នៅថ្ងៃសុក្រនេះបាននិយាយថា ទីក្រុងស៉ីដនី នឹងបញ្ចប់វិធានការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរអន្តរជាតិដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ (ចំនួន ០២ដូស) ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកាខាងមុខនេះតទៅ ដោយបង្ហាញពីការវិលត្រឡប់ពេញលេញនៃការធ្វើដំណើរទៅ-មកក្រៅប្រទេស បន្ទាប់ពីការបិទព្រំដែនអន្តរជាតិរបស់ខ្លួន អស់រយៈពេលជាង ១៩ខែ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១។

អូស្រ្តាលី បានបិទព្រំដែនអន្តរជាតិរបស់ខ្លួនកាលពីខែមីនា ឆ្នាំ២០២០កន្លងទៅនេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ដែលអនុញ្ញាតឱ្យចូលតែចំពោះ ប្រជាពលរដ្ឋ និងអ្នករស់នៅអចិន្ត្រៃយ៍ប៉ុណ្ណោះ និងត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័កនៅឯសណ្ឋាគាររយៈពេល ០២សប្តាហ៍ទៀត ដោយប្រើប្រាស់ការចំណាយផ្ទាល់ខ្លួន។

លោក Dominic Perrottet បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងស៉ីដនីថា «យើងចង់បានមនុស្សត្រឡប់មកវិញ យើងកំពុងដឹកនាំប្រទេសចេញពីជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវនេះ… យើងកំពុងបើករដ្ឋ NSW និងទីក្រុងស៊ីដនីទៅកាន់ពិភពលោកឡើងវិញ»

ទោះជាយ៉ាងណា ការិយាល័យរបស់នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) មិនបានធ្វើការអត្ថាធិប្បាយភ្លាមៗចំពោះផែនការ បើកព្រំដែនឡើងវិញរបស់រដ្ឋ NSW ទេ។

គួរបញ្ជាក់ថា ផែនការបើកព្រំដែនឡើងវិញរបស់រដ្ឋ NSW នេះ បានកើតឡើង ខណៈការឆ្លងប្រចាំថ្ងៃនៅទូទាំងរដ្ឋ បានថយចុះបន្ថែមទៀតពីចំនួន ៤០៦ករណីមកត្រឹមចំនួន ៣៩៩ករណីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដែលធ្លាក់ចុះពីកម្រិតខ្ពស់បំផុតចំនួន ១,៥៩៩ករណីកាលពីដើមខែកញ្ញាកន្លងទៅនេះ ហើយអត្រាចាក់វ៉ាក់សាំង ពេញលេញជូនដល់ប្រជាជនពេញវ័យប្រមាណ ៨០ភាគរយក៏ត្រូវបានគេរំពឹងថា នឹងសម្រេចបាននៅចុងសប្តាហ៍នេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង