ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន ទទួលអំណោយមនុស្សធម៌ ពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) នូវសម្ភារៈពេទ្យ ដើម្បីឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ

89

ព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានឧបត្ថម្ភនូវសម្ភារៈពេទ្យចំនួន ១៥០កេស ដើម្បីឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់បំរើឱ្យវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ ពិសេសក្នុងប្រតិបត្តិការនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលបាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចូលរួមគ្រប់សកម្មភាពមានដូចជា ការចាក់វ៉ាក់សាំង ការកៀរគររកសម្ភារៈ ឧបករណ៍ជួយព្យាបាលអ្នកជំងឺកូវីដ-១៩ និងការតាមដានស្រាវជ្រាវ នេះជាវឌ្ឍនភាព នៃភាពជោគជ័យរបស់រាជរដ្ឋាភិបាល ដែលមានចំណែករបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។

ឯកឧត្តមអភិបាលខេត្តបន្តថា សម្ភារៈទាំងនេះ នឹងយកទៅប្រើប្រាស់តាមជំនាញក្នុងការព្យាបាល ហើយក៏ជាសក្ខីភាពបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ក្នុងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ សូមជូនពរថ្នាក់ដឹកនាំ បុគ្គលិក និងអ្នកស្ម័គ្រចិត្ត របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ទាំងអស់ មានសុខភាពល្អ ទទួលបានជោគជ័យ និងបន្តការសិក្សាស្រាវជ្រាវរករបកគំហើញថ្មីៗបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង