មេដឹកនាំរដ្ឋប្រហារ យោធាផាត់ចេញ ពីជំនួបអាស៊ាន!
បរទេស៖ នៅក្នុងប្រជុំបន្ទាន់របស់រដ្ឋមន្រ្តីការបរទេសអាស៊ានបានសម្រេចទាត់ចេញមេដឹកនាំរដ្ឋប្រហារយោធាភូមាពីជំនួបរបស់សមាគប្រជាជាតិអាស៉ីអគ្នេយ៍ (ASEAN) នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២១ ។
ប្រ៊ុយណេដែលជាប្រធានអាស៊ានបានសម្រេចអញ្ជើញតំណាងមិននយោបាយពីប្រទេសភូមាឱ្យចូលរួមជំនួបអាស៊ាន បន្ទាប់ពីពុំមានកង់សង់ស៉ីសលើការអញ្ជើញតំណាងនយោបាយ ។
រដ្ឋមន្រ្តីការបរទេសប្រទេសសិង្ហបូរី បានថ្លែងថាការសម្រេចផាត់មេដឹកនាំសឹកភូមា មិន អ៊ុង ហ្លាំង ចេញពីជំនួបអាស៊ាន គឺជាសេចក្តីសម្រេចដ៏ពិបាកមួយ ប៉ុន្តែវាក៏ជាសេចក្តីសម្រេចចាំបាច់មួយ ដើម្បីរក្សាកិត្យានុភាពរបស់អាស៊ាន ។
រដ្ឋមន្រ្តីការបរទេសម៉ាឡេស៉ីបានថ្លែងថាយើងមិនដែលគិតចង់ផាត់ប្រទេសភូមាចេញពីជំនួបអាស៊ានឡើយ ព្រោះប្រទេសក៏មានសិទ្ធិដូចសមាជិកដទៃទៀតដែរ ប៉ុន្តែដោយហេតុរបបយោធាភូមាមិនសហការជាមួយអាស៊ាន ដូច្នេះអាស៊ានត្រូវតែរឹងមាំ ដើម្បីការពារកិត្យានុភាពនិងសុចរិតរបស់ខ្លួន ។
កាលពីចុងខែមេសា ឆ្នាំ២០២១ មេដឹកនាំកំពូលអាស៊ានបានកោះប្រជុំបន្ទាន់មួយ នៅរដ្ឋធានីហ្សាកាតា នៃប្រទេសឥណ្ឌូនេស៉ី ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិនៅភូមា បន្ទាប់ពីក្រុមយោធាបានដឹកនាំធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលស៉ីវិល ដឹកនាំដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ-លោកស្រី អ៊ុង សាន ស៊ូជី នៅថ្ងៃទី១ ខែកុម្ភៈ ។ ជំនួបកំពូលនេះបានអនុម័តកិច្ចព្រមព្រៀងមានប្រាំចំណុច ឬហៅថា«ផែនទីចង្អុលផ្លូវសម្រាប់ដំណោះស្រាយវិបត្តិភូមា»។ ប៉ុន្តែចាប់តាំងពីពេលនោះមក ក្រុមមេដឹកនាំរដ្ឋប្រហារយោធាមិនបានធ្វើឱ្យមានវឌ្ឍនភាព និងមិនសហការជាមួយប្រេសិតពិសេសអាស៊ានទទួលបន្ទុកបញ្ហាភូមាឡើយ។
កាលថ្ងៃសុក្រ ម្សិលមិញ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលុបចោលនៅនាទីចុងក្រោយក្នុងការចូលរួមប្រជុំតាមអន្តរបណ្តាញ ដោយសារមានវត្តមានេដ្ឋមន្រ្តីការបរទេសភូមា ព្រោះលោកមិនចង់ឱ្យមានការយល់ច្រឡំពីការទទួលស្គាល់នៃរបបយោធាភូមា ។
សហគមន៍អន្តរជាតិបានដាក់សម្ពាធលើអាស៊ានឱ្យមានជំហររឹងត្អឹងចំពោះមេដឹកនាំសឹកភូមា ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅភូមា។ សហរដ្ឋអាមេរិកបានសាទរចំពោះការសម្រេចរបស់អាស៊ាន ដែលផាត់ក្រុមយោធាចេញពីអាស៊ាន។
គួរកត់សម្គាល់ថា អង្គការសហប្រជាជាតិក៏បានបដិសេធអាសនៈរបស់ក្រុមយោធា នៅឯអង្គការសហប្រជាជាតិ កាលពីខែកញ្ញា កន្លងទៅ។ ហើយកាលពីពេលថ្មីៗ សភាអឺរ៉ុបក៏បានបោះឆ្នោតទទួលស្គាល់រដ្ឋាភិបាលស្រមោល ឬរដ្ឋាភិបាលរួបរួមជាតិ នៃអ្នកនយោបាយស៉ីវិលភូមា ផងដៃរ ។