ទឹកស្ទឹងពោធិ៍សាត់ ឡើងជិតដល់ កម្រិតប្រកាសអាសន្នហើយ
ពោធិ៍សាត់៖ ស្ថានភាពទឹកស្ទឹងក្រុងពោធិ៍សាត់ បានចាប់ផ្តើមឡើង ជិតដល់កម្រិតប្រកាសអាសន្នហើយ ពោលគឺកម្ពស់ទឹក ៤.៩៣ម៉ែត្រ ខណៈកម្ពស់ប្រកាសអាសន្ន៥ម៉ែត្រ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ នៅរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ។
លោកប្រធានមន្ទីររូបនេះបានឱ្យដឹងទៀតថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ គិតត្រឹមម៉ោង ២៖៣០នាទីរសៀលនេះ មានកម្ពស់ ៤.៩៣ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់២.៤៧ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែង មានកម្ពស់ ២.១៥ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៩ម៉ែត្រ)។
លោក កែវ វ័យ បានបន្តថា ស្ថានភាពទឹកតាមដងស្ទឹងពោធិ៍សាត់ នៅស្រុកភ្នំក្រវាញ ទឹកស្ទឹងចាប់ផ្តើមស្រកចុះជាបន្តបន្ទាប់ ដោយឡែកនៅក្រុងពោធិ៍សាត់ ទឹកស្ទឹងនឹងបន្តឡើងរហូតដល់កម្រិតប្រកាសអាសន្ន តែកម្ពស់ទឹកអាចឡើងយឺត។
លោកប្រធានមន្ទីរបានបន្ថែមថា បើសិនស្ថិតក្នុងស្ថានភាពណាមួយ តម្រូវឱ្យប្រកាសអាសន្ន ក្នុងនាមមន្ទីរជំនាញ លោកនឹងធ្វើសេចក្តីជូនដំណឹងដល់សាធារណជនឱ្យបានជ្រាប។
ជាមួយគ្នានោះ លោកក៏សូមអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលរស់នប៉្របមាត់ស្ទឹងខាងលើ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងថែទាំ ទុកដាក់កូនចៅ សត្វពាហនៈឱ្យបានត្រឹមត្រូវ ជៀសវាងមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។
តែទោះជាយ៉ាងណាក្តី ក្រោមការដឹកនាំរបស់លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានដាក់ផែនការត្រៀមរួចជាស្រេច នូវមធ្យោបាយសរុប និងកម្លាំងសរុប ដើម្បីគ្រប់គ្រងស្ថានការ ក្នុងគ្រាប្រកាសអាសន្នកើតឡើង៕