កងពលតូចថ្មើរជើងលេខ៥១ ចុះអន្តរាគមន៍ជម្លៀសពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លផង តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២០ ខែតុលានេះ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានបញ្ជាកម្លាំងអន្តរាគមន៍ មានមធ្យោបាយ សម្ភារៈ សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ត្រៀមជួយសង្រ្គោះ ប្រជាពលរដ្ឋ រស់នៅជិតមាត់អូរតាមព្រំដែន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ផងដែរថា ដោយសារប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងទឹកហូរមកពីប្រទេសថៃ បណ្តាលឲ្យទឹកអូរតាមព្រំដែនកម្ពុជា-ថៃ បានហក់ឡើងគួរឲ្យបារម្ភ។
កងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ ដែលត្រៀមអន្តរាគមន៍ ក៏បានត្រៀមលក្ខណៈប្រុងប្រៀបរួចជាស្រាច់ ក្នុងការជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋតាមសំណូមពរ របស់អាជ្ញាធរមូលដ្ឋាន។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ សូមអំពាវនាវដល់ពុកម៉ែបងប្អូន ដែលរស់នៅជិតមាត់អូរតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនតូចៗ និងសត្វអសិរ្ពិស ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត៕