បញ្ជូនជនសង្ស័យម្នាក់ ជួញដូរគ្រឿងញៀន ជាងកន្លះគីឡូ ទៅកាន់សាលាដំបូងខេត្តតាកែវ
ខេត្តតាកែវ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនម្នាក់ ទៅកាន់សាលាដំបូងខេត្តតាកែវ។
លោកវរសេនីយ៍ទោ ម៉ាក់ សេរីវឌ្ឍនា នាយករិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១០និង១៥នាទី ដោយមានការសម្របសម្រួលនិតិវីធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំបញ្ជាផ្ទាល់ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកត្រាំកក់ ចុះបង្រ្កាបករណី ជួញដូរសារធាតុញៀន នៅចំណុចបរិវេណផ្ទះរបស់ឈ្មោះ ប៉ោ នាង ភេទស្រី អាយុ៨០ឆ្នាំស្ថិតនៅក្នុងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។
ដោយបានឃាត់ខ្លួនបានជនសង្ស័យ០១ម្នាក់ឈ្មោះ ឡេង ចាន់រាត្រី(ហៅអាវ៉ិត )ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិម៉ាឡេង ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូ ខេត្តកំពត ព្រមទាំងដកហូតវត្ថុតាងបានរួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ice) ចំនួន២៦ថង់ (៤ថង់ធំនិង២២ថង់តូច) ដែលមានទម្ងន់៥០៣,៩៩ក្រាម រថយន្ត១គ្រឿង(ម៉ាកTOYOTA TACOMA) ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ2Z-1616 ប្រដាប់វេចខ្ចប់ថ្នាំមួយចំនួន ឯកសារទិញលក់រថយន្ត និងសៀវភៅកំណត់ហេតុ លក់គ្រឿងញៀនមួយក្បាលពណ៌ខ្មៅ ។ បច្ចុប្បន្នជនសង្ស័យរួម និង វត្ថុតាងកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ៕