ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីជាន់ខ្ពស់ក្រសួងសាធារណការ ស្នើឱ្យក្រុមហ៊ុនអាមេរិក ចូលរួមដេញថ្លៃគម្រោងសាងសង់ផ្លូវនៅកម្ពុជា

301

 

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុនអាមេរិកចូលរួមដេញថ្លៃគម្រោងសាងសង់ផ្លូវនៅកម្ពុជា ខណៈមិនទាន់មានក្រុមហ៊ុនរបស់អាមេរិកណាមួយចូលរួមដេញថ្លៃគម្រោងសាងសង់នៅឡើយទេ សូម្បីតែផ្លូវជាតិ លេខ៤ ដែលអាមេរិកបានសាងសង់កាលពីទសវត្សរ៍ឆ្នាំ៦០ ក៏ដោយ។

ថ្លែងក្នុងជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិកចំនួន១៣ក្រុមហ៊ុន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី២១ តុលានេះ លោក ទេស រដ្ឋមន្រ្តី ស៊ុន ចាន់ថុល បាន បញ្ជាក់ថា កម្ពុជានៅមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើនទៀត ដែលគ្រោងនឹងអភិវឌ្ឍន៍បន្ត ក្នុងនោះមានគម្រោងសាងសង់ និងពង្រីកផ្លូវជាតិលេខ៧ពីស្គន់ទៅកំពង់ចាម ពីពីរគន្លងទៅបួនគន្លង, គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គឆ្លងកាត់ក្រចេះ-កំពង់ធំ, គម្រោងសាងសង់ផ្លូវ ល្បឿនលឿនភ្នំពេញ-បាវិត ព្រំដែនកម្ពុជា-វៀតណាម ជាដើម។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរបស់អាមេរិកចូលរួម ក៏ដូចជាដាក់ទុនវិនិយោគនៅក្នុងការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យមានគុណភាពរឹងមាំ។

សូមបញ្ជាក់ថា សំណើរបស់ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្វើឡើងខណៈកំណាត់ផ្លូវជាតិលេខ៤ នឹងត្រូវពង្រីកទទឹងផ្លូវពី៧ម៉ែត្រ ទៅ១១ម៉ែត្រទៅតាមទីតាំងភូមិសាស្ត្រជាក់ស្តែង ជាមួយនិងការលើកកម្ពស់ផ្លូវដែលលិចលង់ដោយទឹកភ្លៀង ព្រមទាំងការស្តារស្ពានកាត់ផ្លូវមួយចំនួន បន្ទាប់ពីគម្រោងត្រូវបានដាក់ដេញថ្លៃរួចរាល់ បន្ទាប់ពីត្រូវបានធនាគារពិភពលោកអនុម័តហិរញ្ញប្បទានចំនួន១១០លានដុល្លារអាមេរិក សម្រាប់ប្រើប្រាស់លើការបង្កើនគុណភាពបណ្តោយផ្លូវឱ្យល្អជាងមុន និងការរៀបចំកែលម្អចិញ្ចើមសងខាងផ្លូវដាក់លូបង្ហូរទឹក និងធ្វើស្ពាន តាមរចនាបទបែបនវានុវត្តន៍ និងមានភាពធន់ទៅនឹងអាកាសធាតុ ដោយសារផ្លូវជាតិមួយនេះកំពុងរងសម្ពាធចរាចរណ៍យ៉ាងមមាញឹក ឆ្លងកាត់តំបន់សេដ្ឋកិច្ច និងតំបន់កសិកម្មសម្បូរបែបជាច្រើនកន្លែង៕. សំរិត

អត្ថបទដែលជាប់ទាក់ទង