ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរឆក់ចូលបង្ក្រាបទីតាំង ភោជនីយ៍ដ្ឋាន និងខារ៉ាអូខេ ឌីអឺម “DM” ទាំងយប់ដែលមិនគោរព វិធានការរដ្ឋបាល លួចបើកដំណើរអាជីវកម្មខារ៉ាអូខេ និងការជួបជុំផឹកស៉ី ព្រមទាំងបានឃាត់ខ្លួនមនុស្ស៦៨នាក់ និងវត្ថុតាងមួយចំនួនទៀត ក្នុងសង្កាត់ផ្សារដេប៉ូទី៣

71

 

ភ្នំពេញ៖ក្រោយពីមានបទបញ្ជារបស់លោកអភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២១ និង៣០នាទី លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានធ្វើការសហការជាមួយ គណ:បញ្ជាការឯកភាពរដ្ឋបាល ខណ្ឌទួលគោក ដឹកនាំដោយ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងលោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក ដឹកនាំកម្លាំងចម្រុះចុះបង្រា្កបទីតាំងភោជនីយ៍ដ្ឋាន និងខារ៉ាអូខេ ឌីអឺម “DM” ស្ថិតនៅទីតាំងផ្ទលេខ០៧ ផ្លូវលេខ១១៨ កែងផ្លូវលេខ២១៥ ក្រុមទី៣៦ ភូមិទី០៩ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមិនគោរពវិធានការរដ្ឋបាល ស្ដីពីការបន្តដាក់ចេញវិធានការរដ្ឋបាលដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ និងការជួបជុំ ឬ ការប្រមូលផ្តុំ មនុស្សជាលក្ខណ:ឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយ:ពេល១៤ (ដប់បួន) ថ្ងៃគិតចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ កម្លាំងបានចុះមកដល់ទីតាំងខាងលើនេះ ដោយបានឃើញជាក់ស្ដែង ការជួបជុំផឹកស៊ីនៅក្នុងភោជនីយដ្ឋាន និងខារ៉ាអូខេ ឌីអឺម “DM” ចំនួន៣បន្ទប់ (បន្ទប់ខារ៉ាអូខេ) ជាន់ទី៣, បន្ទប់នៅក្នុងជាន់ទី៥ ចំនួន១ បន្ទប់ (បន្ទប់ខារ៉ាអូខេ) និងជាន់ទី៦ដែលជាភោជនីយដ្ឋាន មានភ្ញៀវ ចំនួន០១តុ ។ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ កម្លាំង បានឃាត់ខ្លួនមនុស្សសរុបចំនួន៦៨នាក់ ក្នុងនោះភ្ញៀវចំនួន១៧នាក់ (ស្រី០២នាក់ ) បុគ្គលិកចំនួន៥០នាក់ (ស្រី៤៣នាក់) និងមេការជាអ្នកគិតលុយម្នាក់(ប្រុស) និងបានដកហូតយកវត្ថុតាង រួមមាន ក្បាលកាមេរ៉ាសុវត្ថិភាព(VDR) ចំនួ២គ្រឿង។ ទីតាំងប្រព្រឹត្តបទល្មើស គណៈបញ្ជាការឯកភាពខណ្ឌ បានសម្រេចបិទជាបណ្តោះអាសន្ន ដោយឡែក បច្ចុប្បន្ននេះ មនុស្សចំនួន៦៨នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនីតិវិច្បាប់។

លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញថ្លែងថា៖បើទោះជាស្ថានភាពជំងឺកូវីដ-១៩នៅរាជធានីភ្នំពេញ មានភាពល្អប្រសើរច្រើនក្តី ក៏យើងមិនត្រូវធ្វេសប្រហែស ល្មើសនឹងបំរាមរបស់អាជ្ញាធរឡើយ។ ជាការពិតកាលៈទេសៈនេះ យើងត្រូវរៀនរស់ជាមួយនឹងកូវីដ-១៩ ប៉ុន្តែមិនត្រូវមើលស្រាលចំពោះមហន្តរាយនៃការឆ្លងរីករាលដាលនៃជំងឺនេះឡើយ ត្រូវរស់តាមបែបគន្លងថ្មី ប្រកាន់ភ្ជាប់គោលការណ៍ “៣ការពារ ៣កុំ” ដែលជាយ័ន្តដ៏ស័ក្តិសិទ្ធិរបស់សម្ដេចតេជោសម្រាប់យើងគ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង