អភិបាលរាជធានី ចុះពិនិត្យទំនប់សណ្ដរស្ទឹង ពេលទឹកស្ទឹងព្រែកត្នោត បានហក់ឡើងយ៉ាងខ្លាំង អភិបាលរាជធានី ចុះពិនិត្យនិងបញ្ជាកម្លាំងភ្លាមៗដើម្បីទប់ស្កាត់
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៥ តុលានេះបានដឹកនាំអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធ ពិសេសសហការជាមួយនឹងទាហាន ធ្វើអន្តរាគមន៍ ទប់ស្កាត់កុំឱ្យ
ទឹកជន់លិច លំនៅដ្ឋានប្អូនប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោ ខណៈដែរ ទឹកស្ទឹងព្រែកត្នោតបានហក់ឡើងយ៉ាងខ្លាំង ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅដល់បងប្អូនប្រជាពលរដ្ឋរស់តាមបណ្ដោយដងស្ទឹងនេះ។
លោកឃួង ស្រេង ក្នុងឱកាសនោះ បានណែនាំអោយ អាជ្ញាធរដែនដី មន្ទីរជំនាញ កងកម្លាំងប្រដាប់អាវុធ រួមគ្នាជួយគ្នា ទប់ទំនប់ស្ទឹងព្រែកត្នោតនិងបញ្ជាឱ្យអាជ្ញាធរសហការជាមួយកងកំលាំងដាក់តង់បាំងក្នុងទឹកត្រង់ជើងទំនប់សង្កាត់បាវខ្សាច់ពីលើការពារឬបិទរុននាគឲ្យបានជាប់ជៀសវាងទឹកហូរច្រោះខាងក្រោមការពារឱ្យរឹងមាំជៀសវាងការគំរាមកំហែងដោយទឹក ដែលនឹងអាចនាំឲ្យមានគ្រោះមហន្តរាយ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងនេះ។បន្ថែមនេះលោកក៏បានធ្វើការអំពាវនាវឲ្យបងប្អូនទាំងអស់ ដូចជាអាជ្ញាធរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយនេះ មានន័យថា បើមានហានិភ័យអ្វីកើតឡើង គឺយើងអាចបញ្ជៀសនូវគ្រោះមហន្តរាយធ្ងន់ធ្ងរនេះបាន សំខាន់គឺរក្សាអាយុជីវិតប្រជាពលរដ្ឋអោយបានគង់វង់។
ការហក់ឡើងខ្លាំង ទឹកជំនន់ព្រែកត្នោត នេះគឺដោយសារតែ មានការបើកទ្វាទឹក នៅខេត្តកំពង់ស្ពឺ ដែលធ្វើឲ្យទឹកហក់ឡើងខ្លាំងនិងបានធ្វើអោយមានការគំរាមកំហែងដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់មួយចំនួនក្នុងខណ្ឌដង្កោនេះតែម្តង។
គួរបញ្ជាក់ថា កម្លាំងដែលចុះជួយអនត្តរាគមន៍ទប់ទំនប់ស្ទឹងព្រែកត្នោតនេះ ក្រៅពីអាជ្ញាធរខណ្ឌដង្កោ សង្កាត់និងមន្ទីរពាក់ព័ន្ធហើយ កម្លាំងទាហាចំនួន៣០០នាក់ក៏បានចុះមកជួយអនត្តរាគមន៍ផងដែរ ។
បើតាមសេចក្តីគោរពរាយការណ៍ ថា៖ គិតត្រឹមម៉ោង ៦ព្រឹក ថ្ងៃទី២៥ខែ តុលា ឆ្នាំ២០២១ នៅ
ស្ថានីយពាមឃ្លៃ ទឹកមានកម្ពស់ ៧,៦០ម៉ែត្រ
(កើនឡើង ០,៩៦ម៉ែត្រធៀបព្រឹកម្សិលមិញ)
ទំនប់រលាំងជ្រៃ កម្ពស់ទឹកខាងមុខទ្វារស្មើនិង៧,៨៦ម៉ែត្រ (+០,៨៦ម៉ែត្រខ្ពស់ជាង កម្រិតកម្ពស់ទ្វារបិទ/ បើកទ្វារដោះទឹកកម្ពស់ ៣,០០ម៉ែត្រ×២សន្លឹក ៣,៥០ម៉ែត្រ×២សន្លឹក និង
៤,០០ម៉ែត្រ×១សន្លឹក) ។
ទំនប់៧មករា កម្ពស់ទឹកខាងមុខទ្វារ៦,០៩ម៉ែត្រ (+១,២៩ម៉ែត្រហូរលើ កម្រិតកម្ពស់ទំនប់បង្ហៀរ)
ស្ថានភាពទឹកក្នុងភូមិសាស្រ្តខណ្ឌដង្កោកម្ពស់ទឹកខាងក្រោយទ្វារស្មើ៨,៩០ម៉ែត្រ (កើនឡើង +០,៧០ម៉ែត្រ ធៀបព្រឹកម្សិលមិញ)
ធៀបកម្ពស់ទឹកមុខទ្វារនិង ក្រោយទ្វារ ខុសគ្នា ០,១៩ម៉ែត្រ (បើកទ្វារដោះទឹកកម្ពស់
៤,០០ម៉ែត្រ×៤សន្លឹក)៕