ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងទ័ពជាង ៦០០នាក់ ត្រៀមសង្គ្រោះពលរដ្ឋ ពីការជន់លិច រាជធានីភ្នំពេញ ពីសណ្ដស្ទឹងព្រែកត្នោត

32

ភ្នំពេញ៖ កម្លាំងទ័ពមកពីតាមបណ្តាអង្គភាពនានា សរុបជាង ៦០០នាក់ ព្រមទាំងបរិក្ខារសង្គ្រោះ ត្រូវបានត្រៀមរួចជាស្រេច ដើម្បីសង្គ្រោះប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ និងកំបូល ដែលប្រឈមការជន់លិចនៅក្នុងយប់នេះ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេប ញ្ជាការរង នាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ និងជាអ្នកទទួលភារកិច្ចប្រតិបត្តិការលើការងារគ្រោះមហន្តរាយក្រសួងការពារជាតិ បាន បញ្ជាក់ឲ្យដឹងនៅយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ កម្លាំងដែលបានត្រៀមនោះរួមមាន៖ កម្លាំងបញ្ជាការដ្ឋានអង្គរក្សចំនួន ៤០០នាក់, យោធភូមិភាគពិសេស ១២០នាក់ កម្លាំងទាំងនេះ ចូលរួមទប់ទំនប់ជាមួយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។

ដោយឡែកកម្លាំងកងទ័ពជើងទឹក ១២០នាក់ ជាមួយអូប៊រ ៣០គ្រឿង ត្រៀមនៅយោធភូមិភាគពិសេសសម្រាប់អន្តរាគមន៍។ ក្រៅពីនេះ ក៏មានការត្រៀមកម្លាំងមួយចំនួនទៀតមកពីអង្គភាពកងពលតូចលេខ៧០, បញ្ជាការដ្ឋានទ័ពពិសេស និងបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញបទបញ្ជាដល់កងទ័ពឱ្យត្រៀមលក្ខណៈជាប់ជានិច្ចក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ។ ជាពិសេសត្រូវធានាឱ្យបានថា ទឹកជំនន់នេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនោះឡើយ។
សូមបញ្ជាក់ថា ទឹកភ្លៀងដែលហូរមកពីជួរភ្នំឱរ៉ាល់ក្នុងខេត្តកំពុងស្ពឺ កំពុងធ្វើឱ្យពេញប្រៀបស្ទឹងព្រែកត្នោត និងជន់លិចចូលតំបន់មួយចំនួនស្ថិតជាប់មាត់ស្ទឹងក្នុងខណ្ឌដង្កោ និងខណ្ឌកំបូល។ អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងនេះមានការប្រុង ប្រយ័ត្នខ្ពស់ពីគ្រោះទឹកជំនន់នេះ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកងកម្លាំង ក៏ដូចជាសហការជាមួយមន្ត្រីក្រសួងធនធានទឹកដាក់ចេញវិធានការមួយចំនួន ដើម្បីបញ្ចៀសការជន់លិចនេះ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង