ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់មេជួញដូរគ្រឿងញៀន របស់ប្រទេសកូឡុំប៊ី

85

(Reuters) ៖កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលបាននិយាយថា បុរសម្នាក់ដែលប្រជាជនកូឡុំប៊ីពិពណ៌នាថា ជាអ្នកជួញដូរគ្រឿងញៀនដ៏គ្រោះថ្នាក់បំផុតលើពិភពលោកបានប្រាប់កងកម្លាំងសន្តិសុខថា “អ្នកចាប់ខ្ញុំបានហើយ” នៅពេលដែលលោកត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការមួយនៅចុងសប្តាហ៍នេះ ដោយរដ្ឋាភិបាលសន្យាថានឹងធ្វើបត្យាប័នលោកយ៉ាងឆាប់រហ័សទៅកាន់សហរដ្ឋអាមេរិក។

កាលពីថ្ងៃសៅរ៍ ក្រុមមន្ត្រីបាននិយាយថា លោក Dairo Antonio Usuga ដែលគេស្គាល់ថាលោក Otoniel ត្រូវបានក្រុមកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសកូឡុំប៊ីចាប់ខ្លួនបាន នៅក្នុងប្រតិបត្តិការនៅទីជនបទនៃតំបន់ Uraba ក្នុងខេត្ត Antioquia របស់ប្រទេសកូឡុំប៊ី ដែលប្រតិបត្តិការនោះចូលរួមដោយកងកម្លាំងពិសេសរបស់ប្រទេសកូឡុំប៊ីប្រមាណ ៥០០នាក់ និងឧទ្ធម្ភាគចក្រចំនួន ២២គ្រឿង។

លោក Otoniel ត្រូវបានចោទប្រកាន់ពីបទនាំចេញថ្នាំញៀន cocaine រាប់រយតោនជារៀងរាល់ឆ្នាំ ខណៈដែលប្រធានាធិបតីលោក Ivan Duque បាននិយាយកាលពីថ្ងៃសៅរ៍ថា លោក Otoniel ក៏ទទួលខុសត្រូវចំពោះការសម្លាប់ក្រុមមន្ត្រីនគរបាល ការកេងប្រវ័ញ្ចពលកម្មកុមារ និងការរំលោភបំពានផ្លូវភេទកុមារផងដែរ។

នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលរបស់ប្រទេសកូឡុំប៊ីនឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូលតំបន់ Andean ដើម្បីធ្វើបត្យាប័នលោក Otoniel ទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Wilson Ruiz បានប្រាប់សារព័ត៌មានរ៉យទ័រថា ពាក្យបណ្តឹងនេះអាចចំណាយពេលបួនសប្តាហ៍ដើម្បីបញ្ចប់។

រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Diego Molano បានប្រាប់អ្នកកាសែតនៅទីប្រជុំជន Necocli ក្បែរកន្លែងដែលលោក Otoniel អាយុ ៥០ ឆ្នាំ ត្រូវបានចាប់ខ្លួនថា “ការធ្វើបត្យាប័ននេះកំពុងរង់ចាំជនទំាងឡាយណាដែលប្រព្រឹត្តឧក្រិដ្ឋកម្មអន្តរជាតិ”។ ប្រទេសកូឡុំប៊ីបានផ្តល់រង្វាន់ដល់ទៅបីពាន់លានប៉េសូ (ប្រហែល ៨សែនដុល្លារសហរដ្ឋអាមេរិក) សម្រាប់ព័ត៌មានទាក់ទងនឹងកន្លែងលាក់ខ្លួនរបស់លោក Otoniel ខណៈដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់រង្វាន់ចំនួនប្រាំលានដុល្លារសហរដ្ឋអាមេរិកសម្រាប់ការផ្តល់ទីតាំងលោក Otoniel ៕

អត្ថបទដែលជាប់ទាក់ទង