ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងអូស្ត្រាលី ជួបជជែកគ្នា ជំរុញការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ

40

 

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា និងលោក Dan Tehan រដ្ឋមន្ត្រីពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគអូស្រ្ដាលី នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ បានជួបគ្នាតាមប្រព័ន្ធវីដេអូ ជជែកលើការធ្វើពាណិជ្ជកម្មទាំងទ្វេភាគី និងក្នុងក្របខណ្ឌដៃគូពាណិជ្ជកម្មអន្តរជាតិនានា។ កិច្ចប្រជុំខាងលើនេះ លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា បានអញ្ជើញចូលរួមផងដែរ។

ក្នុងជំនួបនេះ លោក ប៉ាន សូរស័ក្តិ បានស្វាគមន៍យ៉ាងកក់ក្កៅចំពោះ លោក Dan Tehan និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាល និងប្រជាជនប្រទេសអូស្ដ្រាលី ដែលបានផ្ដល់ជំនួយដល់កម្ពុជា លើដំណើរការចាក់វាក់សាំងប្រឆាំងបង្ការជំងឺកូវីដ-១៩។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះ ជាកត្តាដ៏សំខាន់ក្នុងការជួយឱ្យកម្ពុជាបើកប្រទេសឡើងវិញ។

លោក Dan Tehan បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ក៏ដូចជាភាពជោគជ័យលើយុទ្ធនាការចាក់វ៉ាក់សាំងរបស់កម្ពុជា។ លោក Dan Tehan បានធ្វើការកត់សម្គាល់ផងដែរ លើទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដែលមានកំណើនជាបន្ដបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

រដ្ឋមន្ដ្រីទាំងពីរ បានពិភាក្សា និងផ្លាស់ប្ដូរយោបល់លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលកម្ពុជា និងអូស្រ្ដាលីជាសមាជិក។ ក្នុងនោះលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនលោក Dan Tehan ពីការបញ្ចប់រួចរាល់នូវនីតិវិធីក្នុងស្រុកលើការផ្ដល់សច្ចាប័ននៃកិច្ចព្រមព្រៀងអាសិបរបស់កម្ពុជា ដែលព្រះមហាក្សត្រទ្រង់បានប្រកាសឱ្យប្រើប្រាស់ច្បាប់នេះជាផ្លូវការ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ កន្លងមកនេះ។

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីការត្រៀមរៀបចំធ្វើជាប្រធានអាស៊ានរបស់កម្ពុជានៅក្នុងឆ្នាំ២០២២ ក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីទទួលបានជោគជ័យក្នុការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ ការសម្របសម្រួល និងការគាំទ្រយ៉ាងកក់ក្ដៅពីភាគីពាក់ព័ន្ធ ជាពិសេស លេខាធិការដ្ឋានអាស៊ាន និងបណ្ដាប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូអាស៊ានទាំងអស់ ពិតជាមានសារៈសំខាន់។

ភាគីអូស្រ្តាលីបានសាទរដល់កម្ពុជាក្នុងការទទួលបានតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ និងបានបង្ហាញការគាំទ្រយ៉ាងកក់ក្ដៅ និងត្រៀមខ្លួនរួចជាស្រេចក្នុងការជួយកម្ពុជាក្នុងការបំពេញតួនាទីដ៏សំខាន់នេះ។

មុននឹងបញ្ចប់ជំនួបពិភាក្សានេះ លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណគុណដល់រដ្ឋាភិបាលអូស្រ្ដាលី ដែលតែងតែគាំទ្រ និងផ្ដល់ជំនួយបច្ចេកទេសផ្សេងៗដល់កម្ពុជា ដើម្បីគាំទ្រដល់ដំណើរការ ការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសវិស័យពាណិជ្ជកម្ម។ ភាគីទាំងពីរបានប្តេជ្ញាចិត្តបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង