ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ អញ្ជើញចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២២

121

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានហើយនោះ នៅថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២២ តាមប្រព័ន្ធវីដេអូ ដែលមានប្រទេសព្រុយណេជាម្ចាស់ផ្ទះកិច្ចប្រជុំ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមប្រធានបទ «ជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ»។

នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោក មូន ចែអ៉ីន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ព្រមទាំងប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ានដទៃទៀត លើកលែងតែប្រទេសមីយ៉ាន់ម៉ាមួយប៉ុណ្ណោះ មិនមានតំណាងចូលរួមនោះឡើយ បន្ទាប់ពីអាស៊ានបដិសេធចំពោះវត្តមានមេដឹកនាំយោធាលោក អោង មីងឡាំង។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ឱ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលនេះ ប្រមុខដឹកនាំប្រទេសអាស៊ាន និងកូរ៉េ បានអនុម័តទៅលើឯកសារមួយចំនួនរួមមាន៖ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២២ និងអនុម័តលើរបាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តផែនការសកម្មភាពអាស៊ាន-សាធារណរដ្ឋកូរ៉េ, អនុម័តសេចក្តីប្រកាសរួមភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីសមភាព និងវិបុលភាពឆ្នាំ២០២១-២០២៥ និងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សាធារណរដ្ឋកូរ៉េ ព្រមទាំងរបាយការណ៍ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-សាធារណរដ្ឋកូរ៉េផងដែរ។

លោក កៅ គឹមហួន បានឱ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន-កូរ៉េ បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។ បើទោះបីរងនូវវិបត្តិជំងឺកូវីដ១៩ក្តី ប៉ុន្តែសាធារណរដ្ឋកូរ៉េ នៅតែជាដៃគូវិនិយោគ ពាណិជ្ជកម្មដ៏សំខាន់សម្រាប់អាស៊ាន។ នៅក្នុងឆ្នាំ២០២០កន្លងទៅនេះ សាធារណរដ្ឋកូរ៉េ នៅតែជាដៃគូពាណិជ្ជកម្មលំដាប់ទី៤ ហើយជាប្រភពនៃការវិនិយោគលំដាប់ទី៥ នៅអាស៊ាន។ ក្នុងនោះទំហំពាណិជ្ជកម្មទ្វេអាស៊ាន-សាធារណរដ្ឋកូរ៉េ សម្រេចបានប្រមាណ ១៥៤.២ពាន់លានដុល្លារ និងទំហំវិនិយោគមានរហូតដល់ ៦.៨ពាន់លានដុល្លារ។

បើតាមលោក កៅ គឹមហួន មេដឹកនាំអាស៊ាន និងសាធារណរដ្ឋកូរ៉េ បានបង្ហាញជំហរក្នុងការខិតខំជំរុញសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ជាពិសេសការជំរុញកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-សាធារណរដ្ឋកូរ៉េ ឱ្យបានរួចរាល់នៅឆ្នាំ២០២២ខាងមុខ។ មេដឹកនាំអាស៊ាន-សាធារណរដ្ឋកូរ៉េ ក៏បានបន្តប្តេជ្ញាចិត្តបង្កើនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េផងដែរ។ ជាក់ស្តែងនៅថ្ងៃនេះកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក៏បានចុះហត្ថលេខាទ្វេភាគីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយហ្វីលីពិន ក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសាធារណរដ្ឋកូរ៉េផងដែរ។

លើសពីនេះទៀត មេដឹកនាំអាស៊ាន បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ចូលរួមយ៉ាងសកម្មក្នុងការផ្តល់វ៉ាក់សាំង និងគាំទ្រដល់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ កូរ៉េនៅតែបន្តការកសាងសង្គមអាស៊ាន សមាហរណកម្មអាស៊ាន ជាពិសេសការតភ្ជាប់អាស៊ាន រួមទាំងការកាត់បន្ថយគម្លាតក្នុងអាស៊ាន។ ជាពិសេសការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន នៅឆ្នាំ២០២៥ និងការអនុវត្តគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ានលើកទី៣ និងលើទី៤។

ប្រមុខរដ្ឋាភិបាលអាស៊ាន-សាធារណរដ្ឋកូរ៉េ បានស្វាគមន៍ការបង្កើតយន្តការថ្មី កិច្ចប្រជុំកម្រិតថ្នាក់រដ្ឋមន្ត្រី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងគ្រោះមហន្តរាយរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។

ក្នុងកិច្ចប្រជុំនេះ សាធារណរដ្ឋកូរ៉េ នៅតែបន្តគាំទ្រតួនាទីស្នូលរបស់អាស៊ាន និងតំបន់ជាដៃគូរបស់អាស៊ាន។សាធារណរដ្ឋកូរ៉េ បានជំរុញក្នុងការធ្វើសេដ្ឋកិច្ចឌីជីថល និងបៃតង។

ក្នុងកិច្ចប្រជុំនេះ មេដឹកនាំអាស៊ាន និងសាធារណរដ្ឋកូរ៉េ បានផ្លាស់ប្តូរមតិយោបល់គ្នាលើបញ្ហាតំបន់ ដូចជាបញ្ហាសមុទ្រចិនខាងត្បូង និងឧបទ្វីបកូរ៉េជាដើម៕

អត្ថបទដែលជាប់ទាក់ទង