ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ពេលវេលា

71

 

ភ្នំពេញ ៖ មនុស្សគ្រប់ៗរូបនរណាក៏ចេះនិយាយដែរថា ពេលវេលាមានតម្លៃណាស់ តែវាកន្លងផុតហើយគេមិនអាចរកពេលវេលា ដដែលនេះឲ្យត្រឡប់មកម្ដងទៀត បាននោះទេ ។
ពេលវេលាវាប្រៀបបានដូចជាទឹកស្ទឹង ឬ ទឹកទន្លេដែលកំពុងហូរ ហើយគេមិនអាចប៉ះទឹកដដែលនេះ បានជាលើកទី២នោះទេ ។ ខ្លះមិនទាំងដឹងថាខ្លួនឯង កំពុងតែរស់នៅក្នុងពេលវេលាផងទេ គេបានប្រើពេលវេលាសម្រាប់ជីវិត របស់គេទៅសាងបាបកម្ម ឬ អំពើអាក្រក់នានាដោយមិនញញើត ។

ឈាមហូរកាត់ពេលវេលា គេសម្លាប់មនុស្សក្នុងពេលវេលា គេប្រព្រឹត្តិអំពើរអាក្រក់ក្នុងពេលវេលា តែពេលវេលាមិនដែលត្អូញត្អែរឡើយ ។ អ្នកខ្លះប្រើពេលវេលាយ៉ាងមានតម្លៃ ដោយប្រព្រឹត្តិអំពើមនុស្សធម៌ សាងអំពើល្អ ជួយអ្នកទន់ខ្សោយ ជួយសង្គមជាដើម ។

សុំទោសមនុស្សដែលឡឺកឺ មិនសូវគ្រប់១០ គឺចូលចិត្តបង្កើតរឿងមកនិយាយផ្ដេសផ្ដាស់បែបនេះ ហើយសូមមេត្តាកុំប្រកាន់ ។ មនុស្សបែបនេះ បើក្នុងសង្គមមានតែ១០នាក់ ច្បាស់ជាវ៉ល់ហើយ ។ ដូចជនជាតិជប៉ុនម្នាក់ បាននិយាយថានៅប្រទេសជប៉ុន បើមានមនុស្សដូចឈីងចាំង (ភាពយន្ដគំនូរជីវចលរបស់ជប៉ុន) តែ២ ឬ៣នាក់ក៏វ៉ល់ដែរ ។

គេត្រូវចាំថាពេលវេលាមិនចាំបាច់ចំណាយលុយទិញទេ ប៉ុន្តែមានតម្លៃណាស់។ វាមិនមែនជារបស់អ្នកណាម្នាក់ទេ ប៉ុន្តែអ្នកអាចប្រើប្រាស់វាបាន។ ពេលណាដែលអ្នកធ្វើអោយវាបាត់ហើយ អ្នកមិនអាចរកវាយកមកវិញបានទេ។
ហេតុដូច្នេះអ្នកត្រូវចេះប្រើវាជាមួយមនុស្សល្អៗ ដើម្បីនាំមកនូវសុភមង្គល ទទួលយកសេចក្តីសប្បាយរីករាយ ហើយប្រមូលយកក្តីសុខអោយបានច្រើនបំផុត។ សូមកុំប្រើពេលវេលា បង្កមហន្តរាយដល់សង្គម ឬ បង្កើតការឈឺចាប់ដល់មនុស្សដូចគ្នា ៕

អត្ថបទដែលជាប់ទាក់ទង