ជយោ ! ថ្ងៃនេះនៅសល់ 5️⃣5️⃣5️⃣ថងៃប៉ុណ្ណោះ SEA Games 2023 នឹងធ្វើនៅកម្ពុជា
ភ្នំពេញ៖ កម្ពុជានៅសល់ពេល ៥៥៥ថ្ងៃគត់នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ដែលនឹង
ប្រារព្ធពិធីបើកការប្រកួតផ្លូវការ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះគឺ គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នេះ ។
ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ត្រូវបានប្រមុខរាជរដ្ឋាភិបាល ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកំណត់យកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃប្រារព្ធពិធីបើកការប្រកួតផ្លូវការ ដែលគិតចាប់ពីថ្ងៃនេះតទៅ គឺនៅសល់រយៈពេល ៥៥៥ថ្ងៃគត់ ខណៈពិធីបិទ នឹងធ្វើឡើងនាថ្ងៃទី១៧ ខែឧសភាដដែល មុនកម្ពុជាបន្ដរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានមានប្រសាសន៍ថា នេះគឺជាពេលវេលាដ៏សំខាន់ ដែលក្រើនរំឮកដល់គ្រប់ភាគីពាក់ព័ន្ធ ពិសេសគណៈកម្មការជំនាញ និងសហព័ន្ធកីឡាជាតិ ត្រូវដឹងថាពេលវេលាត្រៀមទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះកាន់តែសល់ពេលខ្លីហើយត្រូវចូលរួមរាប់ថយក្រោយទាំងអស់គ្នា ដើម្បីសម្រួចទិសដៅឆ្ពោះទៅរកជោគជ័យ នៅឆ្នាំ២០២៣ ។
ឯកឧត្តមបន្ត ថា «នេះគឺជាពេលវេលាដ៏សំខាន់ ពិសេសថ្នាក់ដឹកនាំ ទាំងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ទាំងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC គឺតែងតែរន្ធើន និងតែងតែពិនិត្យ ពិចារណា ជំរុញទៅដល់ចំណុចពាក់ព័ន្ធទាំងអស់ ពិសេសក្នុងរយៈពេលកាន់តែកៀក ការងារកាន់តែខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពគ្រប់គណៈកម្មការជំនាញ ជាមួយសហព័ន្ធកីឡាជាតិ» ។
សម្រាប់ការសល់ ៥៥៥ថ្ងៃ នៃដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នេះគឺជាពេលវេលាមួយ ដែលរំកិលកាន់តែខិតជិតដល់ អ៊ីចឹងយើងសូមអំពាវនាវដល់អ្នកជំនាញទាំងអស់ គណៈកម្មការជំនាញទាំងអស់ ក៏ដូចជាសហព័ន្ធកីឡាជាតិ ត្រូវរាប់ថយក្រោយរៀងរាល់ថ្ងៃ ។ យើងសូមផ្ញើសារឲ្យរាប់ថយក្រោយជារៀងរាល់ថ្ងៃ កាត់ម្ដងមួយថ្ងៃៗ ថាតើយើងធ្វើបានអ្វីខ្លះហើយ? ទទួលបានផលអ្វីខ្លះហើយ? នៅខ្វះខាតអ្វីទៀត ដែលត្រូវបំពេញ? គឺត្រូវរាប់ថយក្រោយខ្លួនឯង ដែលជាម្ចាស់រៀបចំព្រឹត្តិការណ៍ទាំងជំនាញ ទាំងអ្វីៗរៀងរាល់ថ្ងៃទៅ យើងនឹងដាស់ស្មារតីយើងឲ្យបំពេញការងារនេះទទួលបានជោគជ័យនៅឆ្នាំ២០២៣ ៕