ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គឹម សុខ រត់ទៅដល់ប្រទេសថៃហើយ

73


ភ្នំពេញ៖ លោក ​គឹម សុខ​ អ្នក​វិភាគ​នយោបាយ​សង្គម​ និង​កូនស្រី​ ​បាន​រត់ភៀស​ខ្លួន​ដល់​ប្រទេសថៃដោយ​សុវត្ថិភាព ​​កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​សីហា​កន្លង​ទៅ។ ​ការរត់បាត់ខ្លួនគេចពីប្រទេសកម្ពុជា ដោយសារតែលោកគឹម សុខ ដែលទើបតែចេញពីពន្ធនាគារព្រៃស គ្មានលុយសងសំណងទៅសម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានសម្តេចតេជោ ទារលុយសំណងជំងឺចិត្ត។ ការ​ភៀស​ខ្លួន​របស់​លោកគឹម ​សុខ ​​ធ្វើ​ឡើង​ក្រោយ​ពេល​សម្តេចតេជោ ហ៊ុន សែន បាន​គំរាម​ចាប់​ខ្លួន ​ឡើង​វិញ ​ប្រសិន​បើ​អ្នក​វិភាគ​រូប​នេះ​មិនសងសំណងចំនួន៨០០លានរៀល។

លោក ​គឹម សុខ ត្រូវ​បាន​តុលាការ ដោះ​លែង​ឲ្យ​មាន​សេរីភាព ​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​សីហា ​ក្រោយ​ពី​លោក​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល​១៨​ខែ​ គ្រប់​អាជ្ញាយុកាល នៃបណ្តឹង​គណបក្ស​ប្រជាជន​កម្ពុជា ​ដែលចោទថាជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។ ប៉ុន្តែ​លោក ​គឹម សុខ នៅ​ជាប់​ក្នុង​សំណុំរឿង​មួយ​ទៀត​ពី​ការ​ចោទ​ថា​ រាជរដ្ឋាភិបាលថា ​​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស ​តែ​រកឃាតក​មិន​ឃើញ។

សម្តេចតេជោ​ ហ៊ុន សែន កាល​ពីថ្ងៃ​ទី​២៩​ខែ​សីហា ​ក្នុងពិធីជួបជុំជាមួយកម្មកររោងចក្រកាត់ដេរ បានថ្លែង​ថា ​លោក ​គឹម សុខ នៅ​មិន​ទាន់​បង់ប្រាក់​សំណង​ចំនួន​៨០០​លាន​រៀល មក​ឲ្យ​គណបក្ស​ប្រជាជនកម្ពុជា​នៅ​ឡើយ​ទេ​ ក្រោយ​ពេល​ចេញ​ពី​ពន្ធនាគារ​។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាន​ព្រមានថានឹងប្ដឹងអ្នក​វិភាគសង្គម លោក គឹម សុខ ដាក់ពន្ធនាគារវិញ ប្រសិនបើមិនសងប្រាក់សំណង ៨០០លានរៀល ស្មើនឹងប្រមាណ២០ម៉ឺនដុល្លារមកឲ្យគណបក្សប្រជាជនកម្ពុជាទេនោះ។

បន្ទាប់ពីរត់គេចខ្លួនបាត់ លោក លាង សំណាត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យលោក គឹម សុខ ចូលខ្លួនទៅតុលាការនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ពីបទ បរិហាកេរ្តិ៍ជាសាធារណៈ និងញុងញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
បើយោងតាមដីបង្គាប់ឲ្យចូលខ្លួនរបស់តុលាការ នៅថ្ងៃត្រង់ទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា បង្គាប់មកឈ្មោះ គឹម សុខ ភេទប្រុស អាយុ៣៨ឆ្នាំ កើតថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៨០ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នស្នាក់នៅផ្ទះជួល សង្កាត់វត្តភ្នំពេញ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (អាសយដ្ឋានចុងក្រោយ) ឲ្យចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទប់ ឈ ជាន់ទី៤ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៨៖៣០នាទីព្រឹក ដើម្បី៖ មកសាកសួរយកចម្លើយពីដំណើររឿង បរិហាកេរ្ដិ៍ជាសាធារណៈ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គមនៅកម្ពុជា ដែលទើបត្រូវដោះលែងចេញពីពន្ធនាគារ បានរត់គេចខ្លួនទៅដល់ប្រទេសថៃបាត់ហើយ តាមច្រករបៀង ហើយនៅពេលនេះ សមត្ថកិច្ចកម្ពុជា កំពុងសហការជាមួយជាមួយសមត្ថកិច្ចរបស់ថៃ ដើម្បីតាមស្វែងរកលោក គឹម សុខ។

លោក គឹម សុខ កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ២០១៧កន្លងទៅ ត្រូវបានចៅក្រម​ជំនុំជម្រះសាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ប្ញទ្ធី សម្រេច​ផ្ដន្ទាទោសដាក់​ពន្ធនាគារ​ចំនួន ១៨​ខែ និង​ពិន័យ​ប្រាក់ចំនួន ៨លាន​រៀល រួម​នឹង​ប្រាក់​សង​ជំងឺ​ចិត្ត​ដល់​ដើមបណ្តឹង ៨០០​លាន​រៀល ក្រោមការចោទប្រកាន់ពី​បទ​ញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ​ជាអាទិ៍៕

អត្ថបទដែលជាប់ទាក់ទង