សម្តេចតេជោ បន្តចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន-អូស្ត្រាលីលើកទី១, អាស៊ាន-អូស្ត្រាលី លើកម្ពស់ទំនាក់ទំនង ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន ក៏បន្តអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ដែលជាកិច្ចប្រជុំកំពូលលើកដំបូង។ ភាពជាដៃគូសន្ទនារបស់អាស៊ាន ប្រទេសអូស្ត្រាលី គឺជាដៃគូសន្ទនាចាស់ជាងគេ ប៉ុន្តែកិច្ចប្រជុំកំពូលទើបមាននៅឆ្នាំនេះប៉ុណ្ណោះ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន (Scott Morrison) ព្រមទាំងមេដឹកនាំអាស៊ានដទៃទៀត តែមិនមានតំណាងមកពីមីយ៉ាន់ម៉ានោះឡើយ។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន-អូស្ត្រាលី បានផ្លាស់ប្តូរយោបល់គ្នាជាច្រើន ជាពិសេសការបើកទំព័រថ្មីនៃទំនាក់ទំនង និងភាពជាដៃគូរវាងអាស៊ាន-អូស្ត្រាលី។ ប្រមុខរដ្ឋាភិបាលអាស៊ាន បានឯកភាពក្នុងការលើកម្ពស់ទំនាក់ទំនងភាពជាដៃគូរវាងអាស៊ាន-អូស្ត្រាលី ដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ការលើកកម្ពស់ទំនាក់ទំនងនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអូស្ត្រាលី ឱ្យឈានដល់កម្រិតថ្មីមួយទៀតនោះ ជាពិសេសដើម្បីចូលរួមចំណែកលើកកម្ពស់ស្ថេរភាព សន្តិភាព និងវិបុលភាពក្នុងតំបន់។
ក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន បានស្វាគមន៍ប្រមុខរដ្ឋាភិបាលអូស្ត្រាលី ដែលបន្តគាំទ្រតួនាទីស្នូលរបស់អាស៊ាន។ ជាពិសេសទស្សនទានរបស់អាស៊ាន សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
កន្លងមកប្រទេសអូស្ត្រាលី បានផ្តល់ជំនួយជាច្រើនគាំទ្រទៅលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅអាស៊ាន។ ប្រមុខរដ្ឋាភិបាលអាស៊ាន បានអរគុណនូវអ្វីដែលរដ្ឋាភិបាលអូស្ត្រាលីបានជួយដល់អាស៊ាន និងប្រទេសសមាជិកនីមួយៗ។
ក្នុងកិច្ចប្រជុំនេះរដ្ឋាភិបាលអូស្ត្រាលី បានប្រកាសផ្តល់នូវជំនួយជាច្រើនបន្ថែមទៀត សម្រាប់ការអភិវឌ្ឍ និងដោះស្រាយបញ្ហាប្រឈមរបស់អាស៊ាន ក៏ដូចជាប្រទេសជាសមាជិក។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសជួយដល់អាស៊ាន នូវថវិកា ៥លានដុល្លារអូស្ត្រាលី សម្រាប់គំនិតផ្តួចផ្តើមសន្តិសុខសុខាភិបាលអាស៊ាន-អូស្ត្រាលី, ផ្តល់ជំនួយ ៦០លានដុល្លារអូស្ត្រាលី ក្នុងការគាំទ្រមជ្ឈមណ្ឌលអាស៊ានសម្រាប់សុខភាពសាធារណៈ សង្គ្រោះបន្ទាន់ និងជំងឺកើតថ្មី។ អូស្ត្រាលី ក៏បានប្រកាសបន្តជួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ១០លានដូសបន្ថែមទៀតដល់អាស៊ានផងដែរ។
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានប្រកាសបន្តគាំទ្រការស្តារឡើងវិញនូវសេដ្ឋកិច្ចអាស៊ាន ហើយបង្ហាញក្តីសង្ឃឹមថា នឹងមានឱកាសមកទស្សនកិច្ចនៅប្រទេសអាស៊ាននីមួយៗនាពេលខាងមុខ។
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានចាត់ទុកអាស៊ាន គឺជាតំបន់មួយដែលមានទំហំពាណិជ្ជកម្មធំជាងគេសម្រាប់អូស្ត្រា លី និងបានចាត់ទុកអាស៊ាន ជាមិត្តជិតខាងមួយរបស់អូស្ត្រាលី។
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានប្រកាសគាំទ្ររាល់យន្តការទាំងឡាយ ដែលដឹកនាំដោយអាស៊ាន។ លោក បានប្រកាសគាំទ្រការកសាងសហគមន៍អាស៊ាន ការធ្វើសមាហរណកម្មអាស៊ាន និងការកាត់បន្ថយគម្លាតប្រទេសសមាជិកអាស៊ាន។
លោកនាយករដ្ឋមន្ត្រី ក៏ចង់ឃើញការផ្តល់ឱកាសឱ្យអូស្ត្រាលីចូលរួមជាមួយអាស៊ានដោយភាពវិជ្ជមាន និងការស្ថាបនា។ នៅចុងក្រោយនៃជំនួបនេះ មេដឹកនាំអាស៊ាន-អូស្ត្រាលី ក៏មានការផ្លាស់ប្តូទៅលើបញ្ហាក្នុងតំបន់ ដូចជាបញ្ហាសមុទ្រចិនខាងត្បូង មីយ៉ាន់ម៉ា និងឧបទ្វីបកូរ៉េផងដែរ៕