ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បារ៉ែន អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinopharm ចំពោះក្មេងអាយុ៣-១១ឆ្នាំ

252

ម៉ាណាម៉ា៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសបារ៉ែន កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានរាយការណ៍ឱ្យដឹងថា បារ៉ែនបានអនុម័តឲ្យប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនចិន ស៉ីណូហ្វាម (Sinopharm) ចំពោះកុមារដែលមានអាយុចន្លោះពី ៣ ដល់ ១១ឆ្នាំហើយ ចាប់ពីថ្ងៃទី២៧ ខែតុលានេះតទៅ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Alarabiya News នៅថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១។

ទីភ្នាក់ងារសារព័ត៌មានបារ៉ែន BNA បានរាយការណ៍យ៉ាងដូច្នេះថា «ក្រុមការងារវេជ្ជសាស្រ្តថ្នាក់ជាតិ បានកត់សម្គាល់ថា កុមារក្រុមអាយុនេះ ត្រូវបានអនុញ្ញាតឱ្យទទួលការចាក់វ៉ាក់សាំងហើយ បន្ទាប់ពីគណៈកម្មាធិការទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំង បានសិក្សារួចរាល់លើអនុសាសន៍ផ្នែកវេជ្ជសាស្រ្តទាំងអស់ ទាក់ទងនឹងរឿងនេះ ដើម្បីធានានូវការការពារសុខភាព និងសុវត្ថិភាពរបស់ពួកគេ តាមរយៈការទទួលបានភាពស៊ាំប្រឆាំងនឹងវីរុសនេះ»

ក្រុមវេជ្ជសាស្រ្ដជាតិខាងលើ ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់ នៃការចាក់វ៉ាក់សាំងដល់ក្រុមអាយុនេះ «ដើម្បីការពារខ្លួនពួកគេផ្ទាល់ ព្រមទាំងក្រុមគ្រួសារ និងសង្គមរបស់ពួកគេ ជាពិសេសនៅពេលដែលគេរកឃើញថា វីរុសនេះសំងំក្នុងខ្លួនរបស់កុមារ បានរយៈពេលយូរ និងមិនងាយចេញរោគសញ្ញា»

គួរបញ្ជាក់ថា កុមារត្រូវតែទទួលបានការយល់ព្រមពីមាតាបិតា ឬអាណាព្យាបាលរបស់ពួកគេ ដើម្បីទទួលការចាក់វ៉ាក់សាំងនេះ។ ពួកគេត្រូវតែអមដំណើរដោយមនុស្សពេញវ័យ នៅពេលទៅទទួលការចាក់វ៉ាក់សាំងនេះ។ យោងតាមប្រភពព័ត៌មានដែល ក្នុងពេលឆាប់ៗខាងមុខ វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer ក៏នឹងត្រូវអនុម័តឲ្យប្រើប្រាស់ ចំពោះកុមារអាយុចន្លោះ៥-១១ឆ្នាំ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង