ចាប់ផ្តើមជាផ្លូវការ នូវកាចរចាប្រាក់ឈ្នួលអប្បបរមា របស់កម្មកររោងចក្រ
ភ្នំពេញ៖ គណៈកម្មការប្រឹក្សាការងារ បានបើកកិច្ចប្រជុំអាណត្តិទី៨ លើកទី១៨ ដើម្បីចាប់ផ្តើមជាផ្លូវការ នូវកាចរចាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៨ កាលពីថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការប្រឹក្សាការងារ ស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ។
តាមរយៈការពិភាក្សារបស់សមាជិកគណៈកម្មការប្រឹក្សាការងារ ដែលមានសមាសភាពមក ពីភាគីកម្មករនិយោជិត ភាគីនិយោជក និងភាគីរាជរដ្ឋាភិបាល ។ កិច្ចប្រជុំបានសម្រេចលទ្ធផល គឺបន្តប្រើប្រាស់យន្តការក្រុមការងារបច្ចេកទេសត្រីភាគី ដែលមានសមត្ថភាពចំនួន១៦រូប មកពីភាគីនីមួយៗ ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា។ ក្រុមការងារនេះនឹងចាប់ផ្តើមប្រជុំពិភាក្សា ចាប់ពីថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៨ ។ បន្តប្រើប្រាស់លក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ដើម្បីធ្វើជាមូលដ្ឋានក្នុងការពិភាក្សា ព្រមទាំងលើកជាអនុសាសន៍ដល់គណៈកម្មការប្រឹក្សាការងារ ដើម្បីពិនិត្យសម្រេច។
សូមបញ្ជាក់ថា គណៈកម្មការប្រឹក្សាការងារ (Labor Advisory Commission) ដែលមានភាគីនិយោជក សហជីព និងរដ្ឋាភិបាល បានបោះឆ្នោតជាឯកច្ឆន្ទ កំណត់យកប្រាក់ឈ្នួល អប្បបរមាចំនួន១៦៥ដុល្លារ ហើយដោយមានការបន្ថែមពីភាគីរដ្ឋាភិបាល ចំនួន៥ដុល្លារ ធ្វើឲ្យប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០១៨ បានកើនដល់ចំនួន ១៧០ដុល្លារ ក្នុងមួយខែ។
ក្រោយការបោះឆ្នោតសម្រេចជាឯកច្ឆន្ទ យកប្រាក់ឈ្នួលអប្បបរមា ចំនួន១៧០ដុល្លារនោះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលជីវៈ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចឧបត្ថម្ភចំនួន៥ដុល្លារទៅលើការសម្រេច របស់គណៈកម្មការប្រឹក្សាការងារ ដែលបានកំណត់យកប្រាក់ឈ្នួលអប្បបរមាចំនួន១៦៥ដុល្លារ។ លោក មានប្រសាសន៍ថា ជាមួយការដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មីនេះ ស្ថានភាពរស់នៅរបស់កម្មករក្នុងឧស្សាហកម្មកាត់ដេរនឹងមានភាពប្រសើរជាងមុន។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្រេចផ្តល់បន្ថែម៥ដុល្លារ។ អីចឹងទេ ប្រាក់ឈ្នួលអប្បបរមាសម្រាប់បងប្អូនកម្មករ និយោជិត ផ្នែកវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ឆ្នាំ២០១៨ គឺ១៧០ដុល្លារ។ នេះគឺប្រាក់ឈ្នួលអប្បបរមា។
កម្មករក៏នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមទៀត ដែលរួមមាន ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន១០ដុល្លារ ប្រាក់ឧបត្ថម្ភស្នាក់នៅ និងធ្វើដំណើរ ចំនួន៧ដុល្លារ និងក្នុងមួយឆ្នាំកម្មករ ដែលមានអតីតភាពការងារចាប់ពីពីរឆ្នាំឡើងទៅ នឹងទទួលបានប្រាក់ចំនួន២ដុល្លារទៀត ហើយប្រាក់អតីតភាពការងារនេះក៏នឹងបន្តកើនឡើងទៅឆ្នាំបន្តបន្ទាប់ បូករួមទាំងអស់ ប្រាក់ខែកម្មករក្នុងមួយខែ ប្រមាណ២០០ដុល្លារ។
ចាប់ពីឆ្នាំ២០១៣ ប្រាក់ឈ្នួលអប្បបរមារបស់កម្មកររោងចក្រមានចំនួន១០០ដុល្លារ ហើយប្រាក់ឈ្នួលបានកើនឡើង ជាបន្តបន្ទាប់។
ក្រោយពីការចរចានៅឆ្នាំ២០១៤ និង២០១៥ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ ត្រូវបានដំឡើងមួយកម្រិតទៀត គឺពី១២៨ដុល្លារដល់១៤០ដុល្លារ ៕