ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌដង្កោចុះពិនិត្យមើលផ្លូវបេតុង និងលូដែលទើបស្ថាបនារួចក្នុងសង្កាត់ជើងឯក

97

ភ្នំពេញ៖ នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ បានរួមជាមួយអភិបាលរង មន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិអញ្ជើញចុះពិនិត្យការងារស្ថាបនាផ្លូវបេតុង និងប្រព័ន្ធលូ ដែលទើបស្ថាបនារួច ក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯកនិងឆ្លៀតថ្លែងអំណរគុណ សំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋកាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ។
ក្នុងឱកាសនោះលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានទទួលយកសំណើ សំណូមពរ របស់បងប្អូនប្រជាពលរដ្ឋមកដោះស្រាយជូន និងបានផ្តាំផ្ញើរដល់មន្ត្រីក្រោមឱវាទទាំងអស់ឲ្យខិតខំយកចិត្តទុកដាក់ បម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរទ្វេរដងបន្ថែមទៀត ស្របតាមអនុសាសាន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកអភិបាលខណ្ឌដង្កោបានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជ័យជ័នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតកន្លងទៅ និងព្រមទាំងនាំយកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរបានគិតគូរ និងយកចិត្តទុកដាក់ចំពោះការលំបាក បញ្ហា និងតម្រូវការនានារបស់បងប្អូនទាំងអស់។
ជាការឆ្លើយតបបងប្អូនប្រជាពលរដ្ឋក្នុងភូមិបុរីកម្មករ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាជ្រៅបំផុតជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ឯកឧត្តមអភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ដែលបានគិតគូរពីការលំបាករបស់ប្រជាពលរដ្ឋទាំងអស់ ហើយតាមរយៈផ្លូវបេតុង និងប្រព័ន្ធលូថ្មីនេះ នឹងជួយសម្រួលដល់ការរស់នៅរបស់ពួកគាត់យ៉ាងច្រើន ជាពិសេសសម្រួលដល់ការធ្វើដំណើរ បញ្ជៀសការលិចលង់នៅពេលភ្លៀង មានសោភ័ណ្ឌភាពក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត ដែលពីមុនផ្លូវនេះជាផ្លូវដី និងមានទឹកលិចនៅពេលមានភ្លៀងធ្លាក់ម្តងៗ ពិបាករស់នៅ និងធ្វើដំណើរទៀតផង៕
Seen by 1

អត្ថបទដែលជាប់ទាក់ទង