បុរសម្នាក់ ដេកស្លាប់ផ្កាប់មុខ ទាំងអាក្រាតកាយ នៅលើពូក ក្នុងបន្ទប់ផ្ទះសំណាក់មួយ សង្ស័យស្លាប់លើបង្គង
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេរាយការថា បានដេកស្លាប់ ដោយផ្កាប់មុខ និងអាក្រាតកាយនៅលើពូកនៅក្នុងបន្ទប់ផ្ទះសំណាក់មួយ ដែលការស្លាប់បែបនេះត្រូវបានគេសង្ស័យថា ស្លាប់លើបង្គង ហើយនាងដែលជាដៃគូរ បានចុះពីផ្ទះសំណាក់គេចខ្លួនបាត់។
ហេតុការនេះបានបង្កអោយមាន ការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ដែលស្ថិតនៅផ្ទះសំណាល់យីហោ បេ៩ផ្ទះលេខ43B9 ផ្លូវ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមអត្តសញ្ញាណប័ណ្ណរបស់ជនរងគ្រោះនៅជាប់ខ្លួននោះសមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ ជី ពៅ អាយុ ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកតារ័ត្ន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។
ប្រភពព័ត៌មានពីបុគ្គលិក ដែលបំរើការនៅក្នុងផ្ទះសំណាក់ខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោង ១និង០០នាទីរសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ មានបុរសម្នាក់ ជិះម៉ូតូ មួយគ្រឿង ម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GB-4355 បានឌុបនារីម្នាក់មករកបន្ទប់ស្នាក់នៅ ភ្លាមៗនោះ បុគ្គលិកដែលដែលបំរើការនៅទីនោះ បានយកសោរបន្ទប់ឡៅតឿន ជាន់ទី១ ឲ្យទៅបុរសនោះ ដើម្បីចូលទៅស្នាក់នៅ។
ប្រភពព័ត៌មានបានបន្តទៀតថា លុះដល់វេលាម៉ោង ១និង៣០នាទីរសៀល ដែលជាម៉ោងកើតហេតុខាងលើ ស្រាប់តែនារីរូបនោះបានចុះមកខាងក្រោមតែម្នាក់ឯង រួចចេញទៅខាងក្រៅបាត់ ដោយមិនឃើញត្រឡប់មកវិញសោះ។ដោយមានការសង្ស័យបុគ្គលិកដែលបំរើការនៅទីនោះ បានឡើងទៅមើល ស្រាប់តែឃើញបុរសរងជនគ្រោះរូបនេះ បានដេកផ្កាប់មុខស្លាប់នៅលើពូកតែម្នាក់ឯង ដោយមិនមានស្លៀកសំលៀកបំពាក់អ្វីទាំងអស់។ក្រោយមក បុគ្គលិកដែលបំរើការងារនៅទីនោះ បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យនៅក្នុងផ្ទះសំណាក់កើតហេតុផងដែរ។
ជាមួយគ្នានោះដែរសមត្ថកិច្ចជំនាញផ្នែកកោសលវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានពិនិតដោយបញ្ជាក់ថាជនរងគ្រោះរូបនេះស្លាប់ដោយសារគាំងបេះដូង។តែចំណែកទ្រព្យជាប់ខ្លួនរបស់ជនរងគ្រោះដូចជាកាបូបលុយនិងទូរស័ព្ទក៏ត្រូវស្រ្តីម្នាក់នោះបានយកទៅបាត់អស់មិនថាអស់អ្វីខ្លះនោះទេ។ប៉ុន្តែម៉ូតូរបស់ជនរងគ្រោះមិនត្រូវបានបាត់បង់ឡើយ។
បច្ចុប្បន្នសពបុរសរងគ្រោះ ត្រូវសមត្ថកិច្ចយកដឹកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត រឺឯម៉ូតូរបស់បុរសរងគ្រោះ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលស្រះចកដើម្បីក្រុមគ្រួសារយកឯកសារគ្រប់គ្រាន់មកទទួលយកម៉ូតូទៅវិញផងដែរ៕