គ្រោះថ្នាក់ចរាចរថ្ងៃទី៣កញ្ញាស្លាប់២នាក់ របួស១១នាក់
ភ្នំពេញ ៖ យោងតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរ នៅទូទាំងប្រទេសកើតឡើងចំនួន ៧លើក បណ្តាលឲ្យស្លាប់ ២នាក់ របួសធ្ងន់ ៨នាក់(ស្រី២នាក់) របួសស្រាល ៣នាក់(ស្រី១នាក់) មិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ ១១នាក់(យប់៥នាក់) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ៧លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៤គ្រឿង ក្នុងនោះមានម៉ូតូ ៩គ្រឿង រថយន្តតូច ៤គ្រឿង រថយន្តធំ ១គ្រឿង ។ មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរ គឺបណ្តាលមកពី ល្បឿន ១លើក(ស្លាប់១នាក់) បត់គ្រោះថ្នាក់ ២លើក មិនប្រកាន់ស្តាំ ១លើក(ស្លាប់១នាក់) ស្រវឹង ១លើក និងមិនគោរពសិទ្ធិ ២លើក ។
គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៧លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៥លើក រថយន្តតូច ១លើក រថយន្តធំ ១លើក ។ ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តកំពង់ធំ ១លើក ស្លាប់១នាក់ របួស១នាក់ និងខេត្តបន្ទាយមានជ័យ ១លើក ស្លាប់១នាក់ របួស ៣នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរផ្លូវគោកទូទាំងប្រទេស រយៈពេល៣ថ្ងៃ គឺថ្ងៃទី១-៣ ខែកញ្ញា ឆ្នាំ២០១៨ កើតឡើងចំនួន ២៤លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១១នាក់ របួសសរុប ៣៥នាក់ របួសធ្ងន់ ២៧នាក់ របួសស្រាល ៨នាក់ ៕