ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ ប្រាប់ឱ្យ អតីតអ្នកតំណាងរាស្រ្ត CNRP លោក ឃឹម ឡាគី រៀបចំសញ្ញាសម្គាល់ គណបក្សអនាគតជាតិ ដែលខ្លួនស្នើសុំបង្កើត

55

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ខ្លួនបានទទួលរួចហើយនូវលិខិតរបស់ លោក ឃឹម ឡាគី អតីតអ្នកតំណាងរាស្រ្តនៃអតីតគណបក្សសង្គ្រោះជាតិ អំពីការសុំបង្កើត «គណបក្សអនាគតជាតិ»។ ជាមួយគ្នានេះ ក្រសួងស្នើឲ្យតំណាងស្ថាបនិកគណបក្សត្រូវរៀបចំសញ្ញាសម្គាល់របស់គណបក្ស ដោយអនុវត្តតាមលក្ខខណ្ឌកំណត់ក្នុងបញ្ញត្តិមាត្រា១១ថ្មី ត្រង់ចំណុចទី៣ នៃច្បាប់

ក្រសួងមហាផ្ទៃបានបញ្ជាក់ថា «ក្រសួងមហាផ្ទៃ ស្នើឲ្យតំណាងស្ថាបនិកគណបក្សត្រូវរៀបចំសញ្ញាសម្គាល់របស់គណបក្ស ដោយអនុវត្តតាមលក្ខខណ្ឌកំណត់ក្នុងបញ្ញត្តិមាត្រា១១ថ្មី ត្រង់ចំណុចទី៣ នៃច្បាប់នេះ រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃជាកំណត់»

អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ (CNRP) លោក ឃឹម ឡាគី ដែលជាប់បម្រាមតុលាការ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី មហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់នីតិសម្បទានយោបាយឡើងវិញ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោក ឃឹម ឡាគី ត្រូវបានហាមឃាត់ធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ ដោយតុលាការកំពូល តាមរយៈសាលដីកាមួយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន២៦រូបហើយ ក្នុងចំណោម១១៨រូប ដែលតុលាការហាមឃាត់ការធ្វើនយោបាយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង