ឯកឧត្តម គួច ចំរើន សម្ពោធ អគារមណ្ឌលសុខភាពក្រុងកោះរ៉ុង ឱ្យប្រើប្រាស់ជាផ្លូវការ និងត្រៀមដាក់ឱ្យដំណើរការ អគាររដ្ឋបាល និងអាគារច្រកចេញចូលតែមួយក្រុងកោះរ៉ុង ដើម្បីបំរើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ
ព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធី សម្ភោធដាក់អោយដំណើរ ការអាគារមណ្ឌលសុខភាព ក្រុងកោះរ៉ុង និងផ្សព្វផ្សាយការរៀបចំក្រុងកោះរ៉ុង ជាគោលដៅទេសចរណ៍ចាក់វ៉ាក់សាំ ស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរង ខេត្ត លោកប្រធានក្រុម ប្រឹក្សាក្រុង លោកអភិបាលក្រុងកោះរ៉ុង លោក លោកស្រី អភិបាលរងក្រុងកោះរ៉ុង លោកអធិការ លោកមេបញ្ជាការ មន្ត្រីរដ្ឋបាលក្រុង និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការដាក់ អោយ ប្រាស់នូវមណ្ឌលសុខ ភាពភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង គឺជាការរំកិលសេវាមកជិតប្រជាពលរដ្ឋ ដោយ សារកន្លងមកនៅពេលមានអ្នកជំងឺឈឺធ្ងន់ត្រូវដឹកជញ្ជូនមកកាន់ដីគោក ហើយនៅពេលនេះប្រជាពលរដ្ឋអាចមកទទួលសេវានៅមណ្ឌលសុខភាពនេះបានគ្រប់ គ្នា។ ទន្ទឹមនោះឯកឧត្តម ក៏បានធ្វើការណែនាំឱ្យក្រុមគ្រូពេទ្យត្រូវយកចិត្តទុក ដាក់ការទំនួលខុសត្រូវកាន់តែខ្ពស់ក្នុងការផ្តល់សេវាជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការរបស់យើងនៅតំបន់កោះ ។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា នៅលើកោះរ៉ុងរបស់យើងមានប៉ុស្តិ៍សុខភាពចំនួនពីររួចហើយ ទីមួយនៅភូមិដើមថ្កូវ និងមួយទៀតនៅភូមិកោះរ៉ុងសន្លឹមដែលជាការជួយសាងសង់ដោយភ្ញៀវទេសចរបរទេសជនជាតិអង់គ្លេស ហើយសង្ឃឹមថា ក្រុងកោះរ៉ុង មិនមានការប្រឈម និងប្រព័ន្ធសុខាភិបាលទៀតទេ ដូច្នេះចំពោះស្ត្រីឆ្លងទន្លេ អាចមកមណ្ឌល សុខភាពបាន និងជំរុញឱ្យមានការវះកាត់តូចតាចបាននៅពេលខាងមុខ ទន្ទឹមនោះយើងក៏ត្រូវបំពាក់នូវឧបករណ៍បន្ថែមបំរើឱ្យការព្យាបាលកាន់តែមានប្រសិទ្ធភាព និងមានការជឿជាក់ពីប្រជាពលរដ្ឋមកទទួលសេវាសុខាភិបាលនៅមណ្ឌល សុខភាពរបស់យើងកាន់តែច្រើន ។
ដោយឡែក ចំពោះការរៀបចំក្រុងកោះរ៉ុង ជាគោលដៅទេសចរណ៍ចាក់វ៉ាក់សាំ ឯកឧត្តម អភិបាលខេត្ត បានជម្រាបជូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករបំរើសេវាទេស ចរណ៍នៅលើកោះទាំងអស់ អោយត្រៀមលក្ខណ: ជាមុន ដើម្បីទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំងបរទេសនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ព្រោះក្រុងព្រះសីហនុជាគោលដៅទេសចរណ៍ដែលរាជរដ្ឋាភិបាលបានកំណត់ក្នុងចក្ខុវិស័យបើកទេស ចរណ៍វ៉ាក់សាំងជំហានទីមួយ មានក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតារាសាគរ នៃខេត្តកោះកុង និងបន្តបើកជំហានទីពីរនៅខេត្តសៀមរាប នៅខែមករា ឆ្នាំ២០២២ និងបន្តបើកជំហានទីបីនៅទូទាំងប្រទេសតែម្តង ទន្ទឹមនោះម្ចាស់អាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ក្នុងក្រុងកោះរ៉ុង ត្រូវតែចូលរួមអនុវត្តវិធានការ (SOP) និងអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣.ការពារ និង.៣.កុំ និងវិធានសុខាភិបាលពាក់ម៉ាស លាងសម្អាតដៃ រក្សាគម្លាតសុវត្ថិ ភាពឱ្យបានគ្រប់គ្នា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានប្រកាសបើកដំណើរ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារមានអាយុ ៥ឆ្នាំ ចាប់ពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ស្អែកនេះ ចំពោះអ្នករស់នៅតំបន់កោះ ទន្ទឹមនោះដែរឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង សូមអញ្ជើញមកទទួលវ៉ាក់សាំងនៅទីនេះ ព្រោះការចាក់វ៉ាក់សាំងបង្កើតភាពសាំនៅក្នុងខ្លួន ធ្វើឱ្យយើងមិនឆ្លងជំងឺកូវីដ-១៩ ប្រសិន បើមានការឆ្លង វាមិនធ្ងន់ធ្ងរ បង្កហានិភ័យដល់អាយុជីវិត ។
សូមជម្រាបថា អាគារមណ្ឌលសុខភាពក្រុងកោះរ៉ុងមាន សាងសង់លើផ្ទៃដីទំហំ ៩,៤៦៦ ម៉ែត្រការ៉េ ក្នុងនោះមានអាគារជាន់ផ្ទាល់ចំនួន១ មានទំហំ ១១,៣៥ ម៉ែត្រ ×១៧,៧១ម៉ែត្រ និងបន្ទប់ ៣ម៉ែត្រ ×៤ម៉ែត្រ មានចំនួន ៨បន្ទប់ ក្នុងនោះបន្ទប់ប្រធានមណ្ឌល ១បន្ទប់ធ្មប ១ បន្ទប់ឱសថ ១ បន្ទប់វ៉ាក់សាំង ១ បន្ទប់សំរាល១ បន្ទប់សម្រាកព្យាបាល១ បន្ទប់ ពិគ្រោះជំងឺ១ បន្ទប់សំរាប់បុគ្គលិក១ និងបន្ទប់ទឹកចំនួន ២(ប្រុស ១ ស្រី ១)។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាល ក៏បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលក្រុងកោះរ៉ុង និងអាគារច្រកចេញចូលតែមួយក្រុងកោះរ៉ុង ដែលមានទីតាំងស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលនឹងត្រៀមដាក់អោយដំណើរការនៅពេលឆាប់ៗខាងមុខនេះ និងបានបន្ត ដំណើរពិនិត្យប៉ុស្តិ៍សុខភាពនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង និងបានឧបត្ថម្ភថវិកាជូនរដ្ឋបាលក្រុងកោះរ៉ុងចំនួន ៣លានរៀល និងឧបត្ថម្ភជូនក្រុមគ្រូពេទ្យ ១០នាក់ ម្នាក់ ២០ម៉ឺនរៀលផងដែរ ។