អភិបាលរាជធានី ដាក់បទបញ្ជាឲ្យ អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងប្រដាប់អាវុធ អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជុំវិញការហាមមិន ឲ្យបើកការ៉ាអូខេនិងក្លឹបកំសាន្ត
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដោយជម្រុញឲ្យអាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជុំវិញវិធានការនៃការហាមមិនឲ្យបើកអាជីវកម្ម ការ៉ាអូខេនិងក្លឹបកំសាន្តនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បើទោះបីអាហារដ្ឋាន ប៊ៀហ្គាឌិនត្រូវបានបើកឱ្យដំណើរការជាប្រក្រតីឡើងវិញក៏ដោយ។
ការដាក់នូវបទបញ្ជាបាននេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្ដីពីការជំរុញការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ដែលត្រូវការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) នាល្ងាចថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលបានបើកប្រទេសឲ្យដំណើរការឡើងវិញលើគ្រប់វិស័យហើយ ប៉ុន្តែចំពោះក្លឹបកំសាន្តនិងខារ៉ាអូខេគឺមិនអនុញ្ញាតឲ្យបើកដំណើរការនោះទេ ពោលគឺអោយបើកដំណើរការតែភោជនីយដ្ឋាននិងបៀរហ្គាឌិន ប៉ុណ្ណោះ។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤នឹងកងកម្លាំងពាក់ព័ន្ធត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតចំពោះការលួចបើកក្លឹបកម្សាន្តនិងខារ៉ាអូខេ ដោយសារទីតាំងពីរនេះ មានហានិភ័យខ្ពស់បំផុតនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ លោកឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា ទោះបីជាប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទទួលបាននូវការចាក់វ៉ាក់សាំងបានច្រើនលើសផែនការយ៉ាងណាក្តី ក៏នៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់ទទួលបានការចាក់វ៉ាក់សាំងផងដែរ ហើយអ្នកមិនទាន់ទទួលបានការចាក់វ៉ាក់សាំងនេះភាគច្រើន គឺជាប្រជាពលរដ្ឋដែលមានអាយុច្រើនចាស់ជរានិងស្ត្រី ពរពោះឆ្លងទន្លេជាដើម។ ជុំវិញបញ្ហានេះ លោកឃួង ស្រេងបានជំរុញឲ្យអាជ្ញាធរខណ្ឌពិសេស មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវរៀបចំ អនុវត្តការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះអោយបានល្អ ខណៈដែលពួកគាត់ទៅទទួលការចាក់វ៉ាក់សាំង ។
លោកឃួង ស្រេង បានបន្ថែមទៀតថា ប្រមុខរាជរដ្ឋាភិបាល បានសម្តែងនូវការកោតសរសើរនិងអរគុណយ៉ាងខ្លាំង ចំពោះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ កងទ័ពអាវស លោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ដើម្បីចូលរួមទប់ស្កាត់ការរីករាយដើរជំងឺកូវីដ-១៩នារយៈពេលកន្លងមកនេះ ។ ដូច្នេះលោកជំរុញឲ្យអាជ្ញាធរកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តកិច្ចការងារនេះឲ្យកាន់តែល្អប្រសើរថែមទៀត ដោយសារថា យើងជិតទទួលបានជោគជ័យទាំងស្រុងហើយ ជុំវិញការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩នេះ។
ជាមួយនឹងការដាក់ឲ្យដំណើរការប្រទេសឡើងវិញនេះ លោកឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរ
ខណ្ឌកងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរផងដែរ ពិសេស ការរៀបចំចិញ្ចើមផ្លូវ ការគ្រប់គ្រង ការទុកដាក់សំរាមអោយបានល្អ ព្រោះការបើកឲ្យដំណើរការប្រទេសឡើងវិញ វានឹងធ្វើចរាចរណ៍កកស្ទះដូចធម្មតាឡើងវិញ ដែលនេះ ជាបញ្ហាប្រឈមដែលយើងត្រូវដោះស្រាយ អោយបានល្អប្រសើរ៕