ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បង្ក្រាប​ករណី​កែ​ច្នៃ​ ជួញដូរ​គ្រឿងញៀន​ ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ និង​រឹបអូស​គ្រឿងញៀន​ជិត​ ៥៩​ គ​.​ក្រ​

30

​រាជធានី​ភ្នំពេញ​ ៖​ អនុវត្ត​តាម​បញ្ជា​ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ ឯកឧត្តម​ នាយ​ឧត្ដម​សេនិយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ របស់​ ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ។​

​កាលពី​ថ្ងៃ​ទី​ ៣១​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៤​និង​២០​នាទី​ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៥)​ ដឹកនាំ​ដោយ​ លោក​ឧត្តមសេនីយ៍ទោ​ សាន​ សុ​ទ្ធី​ នាយករង​មន្ទីរ​ លោក​វរសេនីយ៍ឯក​ មាស​ ហត​ នាយករង​មន្ទីរ​ លោក​វរសេនីយ៍ឯក​ ជាវ​ វ​ណ្ណា​ នាយការិយាល័យ​ (​ក​៥)​ ចូលរួម​សហការ​ពី​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក​ ហេង​ ផេង​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ធ្វើការ​ស៊ើបអង្កេត​ ស្រាវជ្រាវ​ បង្ក្រាប​ករណី​កែ​ច្នៃ​ ជួញដូរ​គ្រឿងញៀន​ នៅ​ចំណុច​ ផ្លូវ​លេខ​៣៦០​ សង្កាត់​បឹង​កេងកង​១​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​ ចាប់​បាន​ជនសង្ស័យ​ម្នាក់​ឈ្នោះ​ ង្វៀ​ង​ វី​ង​ទី​ និង​សារធាតុ​ញៀន​មួយ​ចំនួន​តូច​។​

​លុះដល់​ម៉ោង​ ១៥​និង​៣០​នាទី​ ថ្ងៃ​ដដែល​ កម្លាំង​ជំនាញ​ បាន​ធ្វើការ​ឆែកឆេរ​ និង​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ​ ហេង​ គឹ​ម​ហេង​ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៧​ ផ្លូវ​លេខ​៣០០​ ក្រុម​១៩​ សង្កាត់​បឹង​កេងកង​២​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទាំង​២​នាក់​រួម​មាន​ ៖​
​ ១-​ឈ្មោះ​ ង្វៀ​ង​ វី​ង​ទី​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ ជនជាតិ​ វៀតណាម​។​
​ ២-​ឈ្មោះ​ ហេង​ គឹ​ម​ហេង​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​។​
​វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​ ៖​
​ -​មេ​តំ​ហ្វេ​តា​មីន​ (ICE)​ ទម្ងន់​សុទ្ធ​ ៣.៥១​ក្រាម​។​
​ -​កេ​តា​មីន​ (KETAMIN)​ ទម្ងន់​សុទ្ធ​ ៥០.៤២​ក្រាម​។​
​ -​អ៊ិ​ច​ស្តា​ស៊ី​ (MDMA)​ ទម្ងន់​សុទ្ធ​ ១​គ​.​ក្រ​ ៥១៧.៣២​ក្រាម​។​
​ -​មេកា​ទី​ណូ​ន​ (METHCATHINONE)​ ទម្ងន់​សុទ្ធ​ ៤៦​ គ​.​ក្រ​ ៧៧៤​ក្រាម​។​
​ សរុប​រួម​ ទម្ងន់​ ៤៨​ គ​.​ក្រ​ ៣៤៥.២៥​ក្រាម​។​
​ សារធាតុ​ផ្សំ​ (​មិន​ច្បាស់​)​ ៦​ គ​.​ក្រ​ ២១៤.៣៦​ ក្រាម​។​
​បច្ចុប្បន្ន​ ជនសង្ស័យ​ និង​វត្ថុ​តាង​ខាងលើ​ បាន​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​ ៕

 

 

អត្ថបទដែលជាប់ទាក់ទង