ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងសាងសង់ផ្សារទំនើបសិន ជូរីផ្លាហ្សា នឹងបើក ដំណើរការនៅមុនពេលចូលឆ្នាំខ្មែឆ្នាំ២០២២ខាងមុខ នេះហើយ

59

ភ្នំពេញ៖ ក្នុងរយៈពេលជិត២ឆ្នាំនេះ គម្រោងសាងសង់ផ្សារទំនើបសិនជូរីផ្លាហ្សា ដែលមានទីតាំងស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យបានសម្រេចបញ្ចប់ការសាងសង់គ្រឿងបង្គុំអគារហើយ ។សំណង់អគារទាំងមូល និងបើកដំណើរការ នៅមុនពេលចូលឆ្នាំខ្មែរឆ្នាំ២០២២ខាងមុខនេះ បើទោះបីប្រទេសកម្ពុជាទទួលឥទ្ធិពលពីការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ។
នេះបើតាមការបញ្ជាក់ពីលោក នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកអញ្ជើញអធិបតីភាពក្នុងពិធីប្រកាសបញ្ចប់ជាស្ថាពរនៃការសាងសង់ផ្នែកគ្រឿងបង្គុំសំណង់ នៃគម្រោងសាងសង់អគារផ្សារទំនើបសិនជូរីផ្លាហ្សា នាព្រឹកថ្ងៃទី០៣ វិច្ឆិកាឆ្នាំ២០២១នេះ។
លោក នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា
ដើម្បីលើកស្ទួយកិត្យានុភាពរាជធានីភ្នំពេញក្នុងឱកាសនៃកិច្ចប្រជុំធំៗដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ក៏ដូចជាការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចអោយក្រុមហ៊ុនJLECC ធ្វើអភិវឌ្ឍន៍ផ្សារសិនជូរីចាស់ឲ្យក្លាយជាមជ្ឈមណ្ឌលពហុពាណិជ្ជកម្ម ដោយសារតែវានៅក្បែរអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដែលជាច្រកចេញចូលដ៏សំខាន់នៃទីក្រុងភ្នំពេញ។ យើងមិនអាចទុកផ្សារចាស់ដែលធ្វើអោយបាត់បង់សណ្តាប់ធ្នាប់និងសោភណ្ឌភាពរាជធានីភ្នំពេញនោះទេ។ គម្រោង មួយនេះបានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ក្រោមអធិបតិយភាពរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយក្នុងរយៈពេល១ឆ្នាំ១១ខែ ៣ថ្ងៃ គម្រោងផ្សារទំនើបសិនជូរីផ្លាហ្សា សម្រេចបាននូវការសាងសង់គ្រឿងបង្គុំអគារ ហើយសំណង់អគារទាំងមូល និងបើកដំណើរការ នៅមុនពេលចូលឆ្នាំខ្មែរឆ្នាំ២០២២ខាងមុខនេះ ។
លោកស្រី ឧកញ៉ា ចាន់ សុទ្ធា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា៖ អគារផ្សារទំនើបសិនជូរីផ្លាហ្សាថ្មីនឹងក្លាយជាមជ្ឈមណ្ឌលពហុពាណិជ្ជកម្ម មានទាំងផ្សារកសិកម្ម ផ្សារទំនិញទូទៅ មជ្ឈមណ្ឌលកំសាន្ត មជ្ឈមណ្ឌលថែទាំសុខភាព- សម្ផស្ស ភោជនីយដ្ឋាន សណ្ឋាគារ ស្កាយបារ -ល- ដែលបំរើតម្រូវការគ្រប់បែបយ៉ាងរបស់អតិថិជន។ ដែលភាពចំរុះទាំងនេះរួមមាន៖-ជាន់ផ្ទាល់ដី៖ ត្រី សាច់ បន្លែ ផ្លែឈើ ដែលជាតម្រូវការជីវភាពប្រចាំថ្ងៃសម្រាប់ប្រជាពលរដ្ឋជុំវិញ ។ -ជាន់ទី១៖ ផ្គត់ផ្គងទំនិញទូទៅ គ្រឿងឧបភោគ បរិភោគប្រចាំ សម្លៀកបំពាក់ គ្រឿងអលង្ការ វត្ថុអនុ
ស្សាវរីយ៍ ។-ជាន់ទី២៖ ប្រមូលផ្តុំទៅដោយហាងប្រណិតល្បីៗ ជុំវិញពិភពលោក ជាពិសេសមានសេវាកម្មថែទាំ សុខភាពនិងសម្ផស្ស ។- ជាន់ទី៣៖ ភោជនីយដ្ឋានដែលប្រជុំទៅដោយរស់ជាតិល្បីៗទូទាំងពិភពលោក។ – ជាន់ទី៤,៥,៦ ជាសណ្ឋាគារលំដាប់ផ្កាយ៤ដែលជាចំណតទីមួយរបស់ភ្ញៀវទេសចរណ៍អន្តរជាតិ។ – សួនច្បារលើអាកាស អាចអោយលោកអ្នកបណ្តែតអារម្មណ៍ទៅតាមខ្យល់ត្រជាក់ និងទស្សនីយភាពដ៏អស្ចារ្យ៕

 

អត្ថបទដែលជាប់ទាក់ទង