អាជ្ញាធរចំការមន ចុះផ្អាកអាជីវកម្មភោជនីយដ្ឋានមួយកន្លែង ទាំងយប់ ព្រោះមិនស្ដាប់ការណែនាំ..!
ភ្នំពេញ៖លោកអភិបាលខណ្ឌចំការមនថេង សុថុល បានប្រាប់អោយដឹងនៅរសៀលថ្ងៃទី០៣ខែវិច្ឆិកានេះថាដោយកាលពីរាត្រីទី០២ ខែវិច្ឆិកា ឆ្នាំ២០២១គណៈបញ្ជាការឯកភាពខណ្ឌចំការមន និង លោកប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធបានអមដំណើរលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញដោយបានចុះទៅត្រួតពិនិត្យនៅតាមទីតាំងធ្វើអាជីវកម្មក្លឹបកំសាន្តដែលប្រែក្លាយទៅជាភោជនីយដ្ឋាន ។
ចំណែកអាជីវកម្មក្លឹបកំសាន្តនៅក្នុងមូលដ្ឋានខណ្ឌចំការមនមិនមានបើកដំណើរការនោះទេ។
ដោយឡែកក្រុមការងារបានបន្តដំណើរចុះទៅត្រួតពិនិត្យទីតាំងភោជនីយដ្ឋាន មួយកន្លែង ដែលមានយីហោ «Hutaoki Music Restaurant »ដែលស្ថិតក្នុងផ្សារ វ័ន ម៉ល តាមបណ្ដោយផ្លូវរដ្ឋសភាសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនពុំបានចូលរួមតាមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និង ក្រសួងទេសចរណ៍ ព្រមទាំងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និង ពុំមានលិខិតអនុញ្ញាត។
ដូចនេះក្រុមការងារបានសម្រេចផ្អាកអាជីវកម្មនេះជាបណ្ដោះអាសន្នសិនរហូតដល់មានការជូនដំណឹងសារជាថ្មី៕