ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារអភិវឌ្ឍន៍អឺរ៉ុប-អាស៊ី គ្រោងផ្តល់កម្ចីជាង ១ប៊ីលានដុល្លារដល់សមាជិកក្នុងឆ្នាំ២០២១

110

ម៉ូស្គូ៖ ធនាគារអភិវឌ្ឍន៍អឺរ៉ុប-អាស៊ី (Eurasian Development Bank, EDB) មានផែនការវិនិយោគទឹកប្រាក់ ១,២ប៊ីលានដុល្លារនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសជាសមាជិករបស់ខ្លួននៅឆ្នាំនេះដែលភាគច្រើននៅរុស្ស៊ី និងកាហ្សាក់ស្ថាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

កាន់កាប់ភាគហ៊ុនភាគច្រើនដោយរុស្ស៊ី និងកាហ្សាក់ស្ថាន ព្រមទាំងមានសមាជិក ៤ប្រទេសផ្សេងទៀតគឺ បេឡារុស អាមេនី កៀហ្ស៉ីស៊ីស្ថាន និងតាហ្ស៉ីគីស្ថាន ធនាគារ EDB អនុវត្តគម្រោងដែលផ្តល់ហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្ម ព្រមទាំងដល់វិស័យដឹកជញ្ជូន និងថាមពលផងដែរ។

លោក Nikolai Podguzov ប្រធានធនាគារ EDB បានថ្លែងក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា យុទ្ធសាស្រ្តរបស់ធនាគារសម្រាប់ឆ្នាំ២០២២-២០២៦ ផ្តោតលើការវិនិយោគទឹកប្រាក់យ៉ាងហោចណាស់ ៥០០លានដុល្លារក្នុងគម្រោងនានានៅប្រទេសអាមេនី កៀហ្ស៉ីស៊ីស្ថាន និងតាហ្ស៉ីគីស្ថាន បន្ថែមពីលើទឹកប្រាក់ដែលអាចផ្តល់ឱ្យដោយមូលនិធិអឺរ៉ុប-អាស៊ីសម្រាប់ស្ថិរភាព និងអភិវឌ្ឍន៍ (EFSD)។

លោក Podguzov បន្តថា មូលនិធិ EFSD ត្រូវបានបង្កើតឡើងដើម្បីផ្តល់ថវិកា និងការគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងវិបត្តិដល់រដ្ឋសមាជិករបស់ខ្លួន ហើយតាមរយៈនេះ វាហាក់ប្រហែលនឹងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែរ។

បង្កើតឡើងក្នុងឆ្នាំ២០០៩ មូលនិធិ EFSD មានទឹកប្រាក់ចំនួន ៨,៥១៣ប៊ីលានដុល្លារ។ ប្រទេសរុស្ស៊ីគឺជាអ្នកផ្តល់វិភាគទានធំជាងគេដល់មូលនិធិនេះដោយមានចំនួន ៧,៥ប៊ីលានដុល្លារ បន្ទាប់មកកាហ្សាកស្ថាន ១ប៊ីលានដុល្លារ និងរដ្ឋមាជិកផ្សេងទៀតបានចូលរួមតិចតួច។

ក្នុងឆ្នាំ២០២០ មូលនិធិ EFSD ផ្តល់ប្រាក់ ៥០០លានដុល្លារដល់ប្រទេសបេឡារុស ១០០ដុល្លារដល់កៀហ្ស៉ីស៊ីស្ថាន និង ៥០លានដុល្លារដល់តាហ្ស៉ីគីស្ថាន ដើម្បីប្រឆាំងនឹងផលប៉ះពាល់ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ លោក Podguzov មិនបានបង្ហាញថាតើមូលនិធិនេះនឹងផ្តល់ទឹកប្រាក់ប៉ុន្មានទៀតដល់សមាជិករបស់ខ្លួនក្នុងឆ្នាំ២០២១ នោះទេ។

លោក Podguzov ថ្លែងទៀតថា ធនាគារ EDB ឆាប់ៗនេះនឹងពង្រីកសមាជិកភាពរបស់ខ្លួនតាមរយៈការរួមបញ្ចូលប្រទេសអ៊ូសបេគីស្ថាន ដែលដំណើរការបញ្ចូលសមាជិកភាពនេះអាចបញ្ចប់នៅឆ្នាំក្រោយ៕

អត្ថបទដែលជាប់ទាក់ទង