ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលរបស់ជាតិ ត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្ថដាក់ឱ្យប្រើប្រាស់ហើយ

220

 

ភ្នំពេញ៖ ច្បាប់ស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមានថ នរោត្តម សីហមុនី ឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។

ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ថ្មី មាត្រា ៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ត្រូវបានស្នើឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១។

ច្បាប់នេះត្រូវបានអះអាងថា ធ្វើឡើង ដើម្បីធានាបានឱឡារិកភាពទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ចំពោះគោលជំហរ និងការប្តេជ្ញាចិត្តស្មោះត្រង់ឥតងាករេចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈ ទាំងអស់ និងដើម្បីធានាការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជាពីការជ្រៀតជ្រែកពីបរទេស។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា ច្បាប់នេះមិនសម្តៅលើបុគ្គលណាមួយនោះឡើយ តែជាមរតកដ៏ធំមួយសម្រាប់ជាតិទៅរាប់រយឆ្នាំខាងមុខ សម្រាប់ការពារជាតិពីការជ្រៀតជ្រែករបស់បរទេស។

ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់ជូនកុមារអាយុ ៥ឆ្នាំ នៅព្រឹកថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ធ្វើហ្នឹងមិនមែនដើម្បីថ្ងៃហ្នឹង មិនមែនដើម្បីជំនាន់ហ្នឹងទេណា ដាក់ក្នុងរដ្ឋធម្មនុញ្ញទុកឱ្យហើយ។ មិនមែនធ្វើសម្រាប់ ៥ឆ្នាំ ១០ឆ្នាំ ២០ឆ្នាំទេ ១០០ឆ្នាំទៀត ដើម្បីចៀសវាងការជះឥទ្ធិពលណាមួយតាមរយៈតួនាទីនាយករដ្ឋមន្ត្រី តាមរយៈតួនាទីប្រធានរដ្ឋសភា តាមរយៈតួនាទីប្រធានព្រឹទ្ធសភា តាមរយៈតួនាទីរបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ តើអនាគតប្រទេសយើងយ៉ាងម៉េច?»។

សម្តេចតេជោ បានបន្ថែមថា «ខ្ញុំអត់មានសម្តៅទៅលើនរណាមួយទេ គោលដៅធំបំផុត គឺគោលដៅការពារជាតិនេះឱ្យបាន បញ្ចៀសការជ្រៀតជ្រែកពីបរទេស ហើយអ្នកឯងត្រូវបង្ហាញការស្មោះត្រង់ចំពោះជាតិ។ កុំអីឡើងប្រុច កុំអីឡើងប្រុចចោលប្រជាជន ទុកអាប៉ាស់ស្ព័រមួយវាអត់កន្លែងរត់ បានវានៅជាប់ជាមួយប្រជាជន។ អាហ្នឹងឱ្យច្បាស់»។

ការធ្វើច្បាប់ដើម្បីកំណត់ «សញ្ជាតិខ្មែរតែមួយ» សម្រាប់មេដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិទាំង៤នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលមិនធ្លាប់មានចែងនោះឡើយចាប់តាំងពីការកកើតឡើងនៃរដ្ឋធម្មនុញ្ញ។ បើទោះបីយ៉ាងណា ការកសាងឡើងនូវច្បាប់នេះ ទទួលបានការសាទរ និងគាំទ្រយ៉ាងខ្ទរខ្ទារពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងឋានានុក្រម រួមទាំងស្ថាប័នព្រះសង្ឃ ដែលជាសាសនារបស់ជាតិផងដែរ។

ប្រជាពលរដ្ឋខ្មែរបានសាទរ ដោយបានមើលឃើញថា ការកំណត់បែបនេះ គឺជាការធានាបាននូវការការពារបានយ៉ាងខ្ពង់ខ្ពស់នូវឧបត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា តាមរយៈមេដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិទាំង៤នេះ៕

អត្ថបទដែលជាប់ទាក់ទង