ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជារកចំណូល បានជាង៩៥៧លានដុល្លារ ពីការនាំចេញស្រូវអង្ករ ក្នុងរយៈពេល១០ខែឆ្នាំនេះ

93

ភ្នំពេញ៖ កម្ពុជាទទួលបានប្រាក់ចំណូល ពីការនាំចេញស្រូវអង្ករចំនួន ៩៥៧.៣០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់រយៈពេល១០ខែ នៃឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងទៀតថា ក្នុងរយៈពេល១០ខែនេះ ប្រទេសកម្ពុជាបានធ្វើការនាំចេញអង្ករគ្រប់ប្រភេទ បានចំនួន ៤៦០,១៦៩តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣២៣.៤៧លានដុល្លារ សហរដ្ឋអាមេរិក ទៅលើគោលដៅទីផ្សារចំនួន ៥៥ប្រទេស និងតំបន់ស្វយ័តដែលក្នុងនោះ ទីផ្សារចម្បងមានចំនួន៥ គ្របដណ្តប់ ៧៩.០៣% លើបរិមាណ អង្ករនាំចេញសរុបរួមមាន៖

១៖ ប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវ បាននាំចេញចំនួន៤៩.៨០% ស្មើនឹង ២២៩,១៧៧ តោន
២៖ ប្រទេសបារាំង១១.០៧% ស្មើនឹង ៥០,៩៥១ តោន
៣៖ ប្រទេសហ្កាប៊ុង ៧.៩៥% ស្មើនឹង ៣៦,៥៨៨ តោន
៤៖ ប្រទេសម៉ាឡេស៊ី ៦.៦៦% ស្មើនឹង ៣០,៦៥៦ តោន
ទី៥៖ ប្រទេសហូឡង់ ៣.៥៥% ស្មើនឹង ១៦,៣៣៨ តោន។

ចំពោះប្រភេទអង្ករនាំចេញ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ នេះដែរ ឃើញថាអង្ករក្រអូបគ្រប់ប្រភេទបានចំនួន ៣២៤,៣៦៤តោន ឬ ៧៨.៩៨% នៃការនាំចេញសរុប ដែលក្នុងនោះ (អង្ករក្រអូបប្រណិតមាន ៤១% អង្ករក្រអូបធម្មតាមាន ៣៧.៨៩%) អង្ករសគ្រាប់វែងមាន ២៩.៦៧ % អង្ករចំហុយមាន ១.៩៦ % និងអង្ករសរីរាង្គមាន ១.៤៤%។

ចំពោះការនាំស្រូវចេញ គឺមានបរិមាណសរុបចំនួន ២,៦៥៩,៦៦០តោន ដែលគិតជាទឹកប្រាក់ប៉ាន់ស្មានប្រមាណជា ៦៣៣.៨២ លានដុល្លារសហរដ្ឋអាមេរិក។
ទឹកប្រាក់សរុបទាំងការនាំចេញស្រូវ និងអង្ករក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២១ មានប្រមាណជា ៩៥៧.៣០លាន ដុល្លារសហរដ្ឋអាមេរិក។

សម្រាប់ខែតុលា ឆ្នាំ២០២១នេះ គឺកម្ពុជាបានធ្វើការនាំចេញអង្ករបានចំនួន ៤៩,៤៧១តោន មានកំណើនប្រមាណជា ៤.០៨% បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងខែតុលា ឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង