ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

របាយការណ៍ អំពីស្ថានភាពប្រជាសាស្ត្រ និងសង្គម-សេដ្ឋកិច្ច របស់ជនជាតិដើមភាគតិច នៅកម្ពុជា ត្រូវបានផ្សព្វផ្សាយ ដាក់អោយប្រើប្រាស់ជាផ្លូវការ

78

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រកាសបើកពិធីផ្សព្វផ្សាយ”របាយការណ៍អំពីស្ថានភាពប្រជាសាស្ត្រ និងសង្គម-សេដ្ឋកិច្ច របស់ជនជាតិដើមភាគតិចនៅកម្ពុជា” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តី ក្រសួងអភិវជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃក្រសួងផែនការ ក្រសួងអភិវឌ្ឍន៍ជនបទ, សម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា, ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល, តំណាងឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, តំណាងដៃគូអភិវឌ្ឍន៍, តំណាងអាជ្ញាធរនិងមន្ទីរជំនាញពាក់ព័ន្ធរាជធានី-ខេត្ត ស្រុក ឃុំ, មេភូមិ,សកលវិទ្យាល័យ, អង្គការសង្គមស៊ីវិលពាក់ព័ន្ធ និងបងប្អូនសហគមន៍ជនជាតិដើមភាគតិច អញ្ជើញចូលរួមសរុបចំនួនប្រមាណ៤៥០នាក់ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេងZoom និងដោយផ្ទាល់នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសបើកពិធីបើក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ថា ក្រោមកិច្ចសហការគ្នាយ៉ាងល្អរវាង ក្រសួងផែនការ, ក្រសួងអភិវឌ្ឍន៍ជនបទ និងសម្ព័ន្ធជនជាជាតិដើមភាគតិចកម្ពុជា (SIPA), ថ្ងៃនេះយើងបានរួមគ្នា រៀបចំផ្សព្វផ្សាយនូវ របាយការណ៍អំពីស្ថានភាពប្រជាសាស្ត្រ និងសង្គម-សេដ្ឋកិច្ច របស់ជនជាតិដើមភាគតិចនៅកម្ពុជា ដែលជារបាយការណ៍លើកដំបូងបង្អស់ និងជាប្រវត្តិសាស្រ្ត ដែលមានព័ត៌មានលម្អិតអំពីស្ថាន-ភាពប្រជាសាស្ត្រ ស្ថានភាពសង្គម-សេដ្ឋកិច្ច និងការរស់នៅរបស់ជនជាតិដើមភាគតិច។ ការរៀបចំរបាយការណ៍នេះឡើង ក្នុងគោលបំណងធ្វើជាមូលដ្ឋានសម្រាប់ការតម្រង់ទិសដល់ការរៀបចំផែនការអភិវឌ្ឍន៍ជនជាតិដើមភាគតិច និងការស្រាវជ្រាវ។ នេះជាសមិទ្ធិផលដ៏ធំធេង ដែលកើតចេញពីកិច្ចសហការគ្នាល្អរវាងស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងសហគមន៍ជនជាតិដើមភាគតិច ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានលើកឡើងនូវចំនុចសំខាន់ៗនៃរបាយការណ៍ ជូនអង្គពិធីជ្រាបថា៖ការកំណត់អំពីអត្តសញ្ញាណជនជាតិដើមភាគតិចនៅកម្ពុជា ត្រូវបានកំណត់ តាមរយៈការប្រើភាសានិយាយពីកំណើត។ ជនជាតិដើមភាគតិចនៅកម្ពុជា មានចំនួន ២២អំបូរ ដែលមានចំនួនប្រជាជនសរុប ១៧៩.១៩៣នាក់ ស្មើនឹង ១,៣៤% នៃប្រជាជនកម្ពុជាសរុប នៅឆ្នាំ២០០៨ និង មានចំនួន ១៨៣.៨៣១នាក់ ស្មើនឹង ១,២៥% នៃប្រជាជនកម្ពុជាសរុប នៅឆ្នាំ២០១៣ (អត្រាកំណើនមានត្រឹម ០,៥១% ក្នុងមួយឆ្នាំ)។ ក្នុងចំណោមអំបូរទាំង ២២ ជនជាតិ ដើមភាគតិចដែលមានចំនួនច្រើនជាង១ម៉ឺននាក់ មានតែ៦អំបូរប៉ុណ្ណោះ គឺ ទំពួន ព្នង គ្រឹង កួយ ចារាយ និង ព្រៅ ដែលសរុបមានចំនួនស្មើនឹង ៨៨% នៃប្រជាជនជនជាតិដើមភាគតិចទាំង២២អំបូរ។ ទោះជាបច្ចុប្បន្ននេះ ជនជាតិដើមភាគតិចកំពុងរស់នៅស្ទើរគ្រប់រាជធានី ខេត្ត ប៉ុន្តែភាគច្រើនលើសលប់នៃជនជាតិដើមភាគតិចទាំងនោះរស់នៅក្នុងខេត្តចំនួន ៦ ប៉ុណ្ណោះ គឺ ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ ដែលមានចំនួន៩២,៤% នៃជនជាតិដើមភាគតិចរស់ទាំងអស់នៅឆ្នាំ២០១៣។

(សូមបញ្ជាក់៖ទិន្នន័យលំអិតនឹងមានចែកផ្សាយបន្ត)

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានវាយតម្លៃថា ដោយពិនិត្យលើទិដ្ឋភាពរួម ជនជាតិដើមភាគតិចនៅកម្ពុជា ត្រូវបានចាត់ទុកថាជាប្រជា-ជនងាយរងគ្រោះនៅក្នុងបរិការណ៍នៃការអភិវឌ្ឍប្រកបដោយចីរភាព។ ជនជាតិដើមភាគតិចនៅកម្ពុជា កំពុងមានស្ថានភាពប្រជាសាស្ត្រប្រែប្រួលឆ្ពោះទៅរកស្ថានភាពប្រជាសាស្ត្ររបស់ប្រជាជនកម្ពុជាទូទៅ ដូចជា ការថយចុះនៃអត្រាកំណើត និងអត្រាមរណភាព ការកើនឡើងនៃអាយុរៀបការដំបូង ការកើនឡើងនៃកម្លាំងពលកម្ម និងនិន្នាការនៃទេសន្តរប្រវេសន៍ទៅកាន់ទីប្រជុំជន។ ក៏ប៉ុន្តែ ការប្រែប្រួលទាំងនេះ នៅមានទំហំតូចនៅឡើយ បើធៀបទៅនឹងការប្រែប្រួលនៃស្ថានភាពប្រជាសាស្ត្រនៃប្រជាជនកម្ពុជាសរុប។ លើសពីនេះទៀត ស្ថានភាពសង្គម-សេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិច នៅមានកម្រិតទាបនៅឡើយ ពិសេសគឺការទទួលបានការអប់រំនិងជំនាញវិជ្ជាជីវៈ និងការទទួលបានការអប់រំរបស់កុមារនិងយុវវ័យ។ ថ្វីបើចំនួនប្រជាជនក្នុងវ័យធ្វើការងារមានចំនួនកើនឡើង ស្ថានភាពការងារនិងសេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិច ភាគច្រើនផ្តុំលើការងារជុំវិញវិស័យកសិកម្ម និងការងារគ្មានប្រាក់កម្រៃ ពិសេសចំពោះស្ត្រីជនជាតិដើមភាគតិច។ ជនជាតិដើមភាគតិច ក៏នៅជួបប្រទះបញ្ហាទឹកស្អាត សុខភាពនិងអនាម័យ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្តថា ឈរលើមូលដ្ឋាននេះ ដើម្បីកំណើនកម្លាំងពលកម្មមានផលិតភាព តំហយផលធៀបប្រជាជនក្នុងបន្ទុក និងការអភិវឌ្ឍធនធានមនុស្សមានប្រសិទ្ធិភាព ដែលនឹងបង្កើនកាលានុវត្តភាពនៃការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមរបស់ជនជាតិដើមភាគតិច សកម្មភាព អន្តរាគមន៍ជាប្រព័ន្ធពីសំណាក់ស្ថាប័នពាក់ព័ន្ធ គឺជាកិច្ចការចាំបាច់មិនអាចខ្វះបាន និងត្រូវយកចិត្តទុកដាក់បន្តទៀតលើកត្តាប្រជាសាស្ត្រ (មានអត្រាកំណើតនិងអត្រាមរណភាព) និងការលើកកម្ពស់និងការជំរុញការទទួលបានការអប់រំ សេវាសុខភាព ប្រព័ន្ធទឹកស្អាត ការចូលរួម សិទ្ធិនានាក្នុងការរស់នៅ បញ្ហាយេនឌ័រ និងការទទួលបានផលនៃការអភិវឌ្ឍ។ ការស្រាវជ្រាវជាក់លាក់អំពីស្ថានភាពការងារ សេដ្ឋកិច្ច និងការរស់នៅរបស់ជនជាតិដើមភាគតិច គួរត្រូវបានជំរុញនិងលើកទឹកចិត្ត ដើម្បីទទួលបានព័ត៌មានលម្អិតនិងគ្រប់ជ្រុងជ្រោយជាបន្ថែមទៀត អំពីការប្រឈមនិងដំណោះស្រាយ៕

អត្ថបទដែលជាប់ទាក់ទង