ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៃ ចេញលិខិតផ្លូវការ អនុញ្ញាត ឱ្យពលរដ្ឋកម្ពុជា ចូលប្រទេសថៃ

43

ភ្នំពេញ៖ រាជរដ្ឋាភិបាលថៃ តាមរយៈស្ថានទូតរបស់ខ្លួននៅកម្ពុជា បានចេញលិខិតជូនព័ត៌មានផ្លូវការមួយទៅកាន់ក្រសួងការបរទេសកម្ពុជា បង្ហាញពីការអនុញ្ញាតឱ្យពលរដ្ឋកម្ពុជាអាចធ្វើដំណើរចូលទៅប្រទេសថៃបាន។

ក្នុងលិខិតដែលទទួលបាន នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្ថានទូតថៃ បានបញ្ជាក់ថា ប្រទេសថៃ បានដាក់បញ្ចូលកម្ពុជា ទៅក្នុងបញ្ជីឈ្មោះនៃក្រុមប្រទេសចំនួន៦៣ ដែលប្រជាជនចាក់វ៉ាក់សាំងពេញលេញរួចរាល់ចំនួន២ដូសឡេីងទៅ អាចធ្វើដំណើរចូលទៅកាន់ប្រទេសថៃបាន តាមផ្លូវអាកាស ហើយត្រូវបានលើកលែងពីការធ្វើចត្តាឡាស័ក គិតចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។ ក្នុងលិខិតនោះស្ថានទូតថៃ ក៏បានបង្ហាញនូវលក្ខខណ្ឌមួយចំនួនតម្រូវឱ្យអនុវត្តមុននឹងចូលទៅប្រទេសថៃផងដែរ។

តាមរយះលិខិតនោះ បានបញ្ជាក់ថា អ្នកមានបំណងចូលទៅប្រទេសថៃ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតចូលប្រទេសថៃ ដែលហៅថា «Thailand Pass» ដែលនេះជាទម្រង់ថ្មី ជំនួសទម្រង់ចាស់ ដែលគេហៅថា Certificate of Entry (COE) សម្រាប់អ្នកដំណើរតាមផ្លូវអាកាស។ ស្ថានទូតថៃបានណែនាំផងដែរថា ប្រជាពលករកម្ពុជាដែលមានបំណងធ្វេីដំណេីរទៅប្រទេសថៃគួរដាក់ពាក្យសុំ Thailand Pass តាមប្រព័ន្ធអនឡាញឱ្យបានមុន ព្រោះដោយសារមានអ្នកដាក់ពាក្យច្រេីនមកពីជុំវិញពិភពលោកអាចត្រូវការពេលយូរ។

តាមរយៈពាក្យស្នើសុំទម្រង់ថ្មីនេះ គឺមានជម្រើស៣សម្រាប់អ្នកដំណើរ។ ជម្រើសទាំង៣នោះរួមមាន៖

ជម្រើសទី១៖ «Test and Go» គឺជាជម្រើសមិនចាំបាច់ធ្វើចត្តាស័ក ក្រោយធ្វើតេស្តអវិជ្ជមានពេលទៅដល់ប្រទេសថៃ។ ជម្រើសនេះប្រើសម្រាប់ទៅតំបន់ដែលអាជ្ញាធរថៃបានបើក និងមិនមានហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។

ជម្រើសទី២៖ «Sandbox Programme» គឺត្រូវស្ថិតនៅតំបន់ដែលកំណត់មួយរយៈ មុនអាចធ្វើដំណើរដោយសេរី។ ជម្រើសនេះ សម្រាប់ការធ្វើដំណើរទៅតំបន់ ដែលអាជ្ញាធរថៃមិនទាន់បើកទូលាយ ឬនៅមានភាពប្រឈមនៃការឆ្លងរាលដាលជំងឺកូវីដ១៩។

ជម្រើសទី៣៖ «Alternative Quarantine» គឺត្រូវធ្វើចត្តាឡីស័កធម្មតា។ ជម្រើសនេះ គឺសម្រាប់បុគ្គលដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩៕

អត្ថបទដែលជាប់ទាក់ទង