រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ពីបញ្ចៀសចរាចរយានយន្តបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ អគារទីស្តីការថ្មីនៃក្រសួងរៀបចំដែនដី នៅថ្ងៃទី០៨ ខែវិច្ឆិកា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្ត គ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ អគារទីស្តីការថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៦និង០០នាទីព្រឹក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្តីការថ្មីរបស់ក្រសួង ដែលស្ថិតនៅផ្លូវ៣០ម៉ែត ស្របប្រឡាយមេខាងជើង (ចន្លោះផ្លូវលេខ១០០៣ ដល់មហាវិថីឈ្នះឈ្នះ) ភូមិអន្លង់ក្ងាន សង្កាត់ឃ្នួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវ៣០ម៉ែត្រស្របប្រឡាយមេខាងជើង (ចន្លោះផ្លូវលេខ១០០៣ ដល់ មហាវិថីឈ្នះឈ្នះ) នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តគ្រប់ប្រភេទ មេត្តាជ្រាប និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់តាមទីតាំង និងកាលបរិច្ឆេទខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់ បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ។
ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌសែនសុខ រដ្ឋបាលខណ្ឌឫស្សីកែវ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវ ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕