រថយន្តដើរដោយថាមពលអគ្គីសនី ដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស
ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន បង្ហាញចំណាប់អារម្មណ៍ថា៖ រថយន្តដើរដោយថាមពលអគ្គីសនី ដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស និងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។
ថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបសម្តែងការគួរសមពីសំណាក់លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រ ភពអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូអមដំណើរ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញលោកជំទាវ និងគណៈប្រតិភូចុះធ្វើ ទស្សនកិច្ចអាគារទីស្ដីការក្រសួង ដែលក្នុងនោះបានអញ្ជើញពិនិត្យមើលបណ្ណាល័យ វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន មណ្ឌលផ្តល់សេវាសាធារណៈ បន្ទប់IT Lab បន្ទប់Live Show និងទីតាំងមួយចំនួនផ្សេងទៀតផងដែរ។
បន្ទាប់ពីការអញ្ជើញបំពេញទស្សនកិច្ចរួច ឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរាជទូត បានអញ្ជើញធ្វើដំណើរតាមរថយន្ដដើរដោយថាមពលអគ្គិសនី (2 blue Electric I-Pace Jaguar) ដើម្បីធ្វើ តេស្តសាកល្បងអំពីប្រសិទ្ធភាពនៃការប្រើប្រាស់រថយន្តប្រភេទនេះ ក្នុងដំណើរឆ្ពោះទៅចូលរួមកិច្ចពិភាក្សា នៅសណ្ឋាគារ Raffles le Royal Hotel ក្រោមប្រធានបទ៖ “អគ្គិសនីភាវូបនីយកម្មនៃយានយន្ត ដើម្បី អនាគតបៃតងសម្រាប់កម្ពុជា” ដោយមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនសំខាន់ៗចំនួនពីររូបទៀត រួមមាន៖ ឯកឧត្តមPablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ដោយផ្តោតការពិភាក្សាលើសារៈប្រយោជន៍នៃ ការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី (ថាមពលកកើតឡើងវិញ) ដែលអាចជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនិចក្នុងទៅបរិយាកាសផែនដី។
ថ្លែងនៅក្នុងកិច្ចពិភាក្សានាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ ថ្ងៃនេះខ្ញុំបានធ្វើ ដំណើរតាមរថយន្តដើរដោយថាមពលអគ្គិសនី I-Pace electric Jaguar មកចូលរួមកិច្ចពិភាក្សាថ្ងៃនេះ ជា បទពិសោធន៍ដ៏អស្ចារ្យមួយរបស់ខ្ញុំ វាដូចជាការធ្វើដំណើរតាមរថយន្តម៉ាស៊ីនសាំងធម្មតាដូច្នោះដែរ ជារថយន្តអនាគត ទំនើប ស្ងាត់ ប្រសិទ្ធភាព និងអាចធ្វើដំណើរបានដោយរលូននៅលើផ្លូវ។
ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា៖ រថយន្តដើរដោយថាមពលអគ្គីសនី ដើរតួនាទីយ៉ាង សំខាន់ក្នុងការរួមចំណែកដល់ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងការជជែកពិភាក្សាអំពីរថយន្តដើរដោយថាមពលអគ្គិសនីដើម្បីផ្ដល់ព័ត៌មានជូនដល់ប្រជាពលរដ្ឋកម្ពុជាថា៖ រថយន្តប្រភេទនេះ មានលក់នៅកម្ពុជាសម្រាប់ជាមធ្យោបាយធ្វើដំណើរសម្រាប់ពលរដ្ឋកម្ពុជាហើយ។
បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា៖ ក្រសួងកំពុងរៀបចំគោលនយោបាយ និងការគាំទ្រសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី(EVs) និងបានបន្ថែមថាយើងត្រូវ ធានាឱ្យមានហេដ្ឋារចនាសម្ព័ន្ធទាំងមូលសម្រាប់EVsនៅកម្ពុជា ក្នុងនោះរួមមាន៖ ស្ថានីយ៍សាកអាគុយ កន្លែងផ្តល់សេវា គ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្តុះបណ្តាល និងកន្លែងបោះចោលអាគុយ និងធានា ថាEVs ដែលនាំចូលមកកម្ពុជាមានគុណភាពល្អ។
បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹង កំពុងធ្វើការជាមួយក្រសួងពាក់ព័ន្ធ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំសេចក្តីព្រាងគោលនយោ បាយជាតិស្តីពីការអភិវឌ្ឍន៍វិស័យដឹកជញ្ជូន២០២២-២០៣១ ហើយសេចក្តីព្រាងគោលនយោ បាយជាតិនេះត្រូវបានឯកភាពជាគោលការណ៍ដោយភាគីពាក់ព័ន្ធទាំងអស់រួមមាន៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ ក្រសួងវិទ្យាសាស្ត្រឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងរ៉ែ និងថាមពល និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធមួយចំនួនផ្សេងទៀតផងដែរ។
ជាមួយគ្នានោះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលី បានបញ្ជាក់ថា៖ រដ្ឋាភិបាលអូស្ត្រាលី បាន និងកំពុងផ្តល់គាំទ្រដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍ថាមពលកកើតឡើងវិញយ៉ាងសកម្ម ដែលជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍ថាមពលសម្រាប់កម្ពុជា ដោយសហការជាមួយវិស័យឯកជន ហើយតាមការសិក្សាបឋមបានបង្ហាញឱ្យឃើញថាប្រទេសកម្ពុជាមានថាមពលពន្លឺព្រះអាទិត្យ និងខ្យល់យ៉ាងច្រើនដែលជាប្រភពថាមពលកកើតឡើងវិញប្រកបដោយសក្កានុពល និងអាចធានាដល់ប្រសិទ្ធភាពនៃការចំណាយផងដែរ។
ដោយឡែក លោកជំទាវឯកអគ្គរាជទូតចក្រភពអង់គ្លេស បានសម្តែងនូវមោទនភាពដែលលោកជំទាវ បានទទួលរថយន្តដែលដើរដោយថាមពលកកើតឡើងវិញ ធ្វើឱ្យមានការចាប់អារម្មណ៍ដល់បណ្ដាថ្នាក់ ដឹកនាំសំខាន់ៗ ក៏ដូចជាសាធារណៈជនទូទៅ និងបានបញ្ជាក់ថាការប្រើប្រាស់រថយន្តដើរដោយថាមពលកកើតឡើងវិញនេះ ជួយដល់ការកាត់បន្ថយនូវការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស ជួយឱ្យ បរិស្ថានស្អាត បៃតង និងប្រកបដោយបច្ចេកវិទ្យាទំនើបផងដែរ ហើយប្រសិនបើយើងចង់ដោះស្រាយការប្រែប្រួលអាកាសធាតុ និងធានាបាននូវស្ថិរភាពអាកាសធាតុសម្រាប់មនុស្សជំនាន់ក្រោយ យើងចាំបាច់ត្រូវដោះស្រាយការបំភាយឧស្ម័នកាបូនចេញពីការដឹកជញ្ជូន។
ជាមួយគ្នានោះ ឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានសម្តែងសុទិដ្ឋិនិយមចំពោះការរួម សហការគ្នារវាងការផ្គត់ផ្គង់អគ្គិសនី និងបណ្តាញអគ្គិសនីនាពេលអនាគត។ ឯកឧត្តម បានបន្ថែមថា៖ ជាមួយនឹងគោលនយោបាយវៃឆ្លាត និងការប្ដេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នកម្ពុជាមាន ថាមពលកកើតឡើងវិញនៅក្នុងបណ្ដាញចែកចាយអគ្គិសនីកម្ពុជាចំនួន៩% និងក្នុងពេលខាងមុខនឹង ឡើងដល់១០% ខណៈការផ្គត់ផ្គង់អគ្គិសនីដើរដោយថាមពលកកើតឡើងវិញក្នុងកម្រិតពិភពលោក គិតជាមធ្យមមានប្រហែលពី៤% ទៅ ៥% ដូច្នេះយើងឋិតក្នុងស្ថានភាពល្អ។
គួរកត់សម្គាល់ផងដែរ រថយន្តដើរដោយថាមពលអគ្គិសនី ជួយឱ្យបរិស្ថានស្អាត មានប្រសិទ្ធភាពជាង រថយន្តប្រើសាំង និងអាចជួយកាត់បន្ថយការបំពុលខ្យល់ក្នុងទីក្រុងនានាដូចជា៖ ទីក្រុងភ្នំពេញជាដើម ដោយសាររថយន្តប្រភេទនេះមិនប្រើសាំងក្នុងដំណើរការរបស់វាទេ។ រថយន្តអគ្គិសនីក៏ជួយកាត់បន្ថយការ បំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផងដែរ បើទោះបីជាបណ្តាញអគ្គិសនីត្រូវបានដំណើរការដោយធ្យូងថ្មក៏ដោយ៕