ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមអ្នកអភិរក្ស រកឃើញ ពស់ព្រៃកន្ទុយក្រហម នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ប្រកាសឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សា និងការពារផង

407

ភ្នំពេញ ៖ ប្រភពពីមន្ទីរបរិស្ថាន ខេត្ត មណ្ឌលគិរី បាឱ្យដឹង នៅថ្ងៃ១៥ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ ថា ក្រុមអ្នកអភិរក្សរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានរកឃើញ ពស់ព្រៃកន្ទុយក្រហមនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ។

ពស់ព្រៃកន្ទុយក្រហម ឈ្មោះគ្រួសារ៖ COLUBRIDAE ឈ្មោះវិទ្យាសាស្រ្ត៖ GonyosomaOxycephalum ជាពស់ព្រៃកម្រនៅលើពិភពលោក មានវត្តមានរស់នៅតិចតួចណាស់នៅក្នុងប្រទេសកម្ពុជា ។ ពស់ព្រៃកន្ទុយក្រហមភាគច្រើនរស់នៅលើដើម ឈើ ហើយវាពូកែវាយឆ្មក់រកអាហារនៅតាមសំបុកសត្វ។

ជាញឹកញាប់ ក៏ត្រូវបានហ្វូងសត្វស្លាប ឡោមព័ទ្ធវាផងដែរ។ ពស់ព្រៃកន្ទុយក្រហម រាងកាយមានរាងក្រាស់ ហើយក្បាលធំទូលាយជាងដងខ្លួន។ ច្រមុះវែង ស្រការបស់វាជាទូទៅមានភាពរលោង ប៉ុន្តែពេលខ្លះអាច នឹងមើលមិនច្បាស់លាស់ និងអណ្តាតមានពណ៌ខៀវ។ ផ្នែកខាងខ្នង វាគឺជាពណ៌បៃតងដ៏ទាក់ទាញ ដែលវាមានពណ៌ស្លេក ផ្នែកខាងលើនៃក្បាលមានពណ៌បៃតងចាស់។ កន្ទុយមានពណ៌ទឹកក្រូច-ក្រហម។ វាមានទំហំធំប្រហែល៧គីឡូ ក្រាម និងប្រវែងពី ២ម៉ែត្រទៅ ៤ម៉ែត្រ។ ក្រុមអ្នកអភិរក្សបានរកឃើញពស់ព្រៃកន្ទុយក្រហមនៅលើដើមឈើ ដែលមានកម្ពស់ប្រមាណ ១២ម៉ែត្រពីដី និងមានទីតាំងស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ។

ក្រុមអ្នកអភិរក្សបានថ្លែងអំណរគុណគម្រោងកាំប៉ាស់ និងអង្គការWWF ដែលបានជួយឧបត្ថមគាំទ្រដល់មន្ត្រីឧទ្យានុរក្ស និងក្រុមការងារស្រាវជ្រាវជីវៈចម្រុះ ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិនិងស្រាវជ្រាវជីវៈចម្រុះ ក្នុងដែនជម្រកសត្វព្រៃ ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង