ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេសអូស្រ្ដាលី នឹងអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវការ នៅកម្ពុជា នៅថ្ងៃទី០៧-០៨ ខែវិច្ឆិកា

45

ភ្នំពេញ៖ លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបេីតាមសេចក្តីប្រកាសក្រសួងការបរទេស ។

ការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ធ្វេីឡេីងតបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងអំឡុងពេលទស្សនកិច្ច លោកស្រី ម៉ារីស ផេន នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រី ម៉ារីស ផេន នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម រួមទាំងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ របស់កម្ពុជាផងដែរ។

ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ លោកស្រី ម៉ារីស ផេន នឹងអញ្ជើញទៅទស្សនាអង្គការ កម្ពុជាដើម្បីជួយស្រ្ដីមានវិបត្តិ ដែលនឹងទទួលស្វាគមន៍ដោយ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រី ម៉ារីស ផេន មកកាន់កម្ពុជា នឹងបញ្ជាក់ជាថ្មីនូវការបេ្តជ្ញាចិត្តរបស់អូស្រ្ដាលី ក្នុងការធ្វើការកាន់តែជិតស្និទ្ធជាមួយព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង