ថ្នាក់ដឹកនាំខេត្តកំពង់ចាម ទទួលអំណោយមនុស្សធម៌ពីសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្រាប់ជួយដល់ជនរងគ្រោះដោយទឹកជំនន់
កំពង់ចាមៈ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកការងារគណៈសង្ឃ គណៈធម្មយុត្តិកនិកាយ ខេត្តកំពង់ចាម នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ចាម សម្រាប់ជួយប្រជាពលរដ្ឋដែលរងគ្រោះ និងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទន្លេមេគង្គ ក្នុងខេត្តកំពង់ចាម។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រោះមហន្តរាយ ខេត្តកំពង់ចាម បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ចំពោះអំណោយដ៏ថ្លៃថ្លារបស់សម្តេចព្រះមង្គលទេព្វាចារ្យ នាពេលនេះ ខណៈដែលប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម បាននឹងកំពុងជួបការលំបាកដោយសារទឹកជំនន់ និងតម្រូវការជំនួយសង្រ្គោះផងដែរ។
អំណោយទាំងនោះរួមមាន៖ អង្ករ ចំនួន៣១៥០គីឡូក្រាម, មីចំនួន៩០កេស, ទឹកត្រីចំនួន២៤យួរ, ទឹកស៊ីអ៊ីវចំនួន៣៤យួរ, ទឹកដោះគោ ចំនួន១០០កំប៉ុង, ស្ករសចំនួន៧៥គីឡូក្រាម និងប្រឡុងចំនួន២ផងដែរ៕